សូមជួយរកម៉ូតូគាត់ផង ! ចោរ២នាក់ចូលលួចម៉ូតូដល់ក្នុងផ្ទះជួល , បាត់ម៉ូតូលើកនេះជាលើកទី៥ហើយ

ភ្នំពេញ ៖ ចោរវ័យក្មេងចំនួន២នាក់ បានដើរចូលផ្ទះជួលទាំងយប់ រួចលួចកាច់កម៉ូតូ១គ្រឿង បានសម្រេច ដោយពុំមានការភ័យខ្លាចអ្វីទាំងអស់ នៅវេលាម៉ោង១០និង៣៧នាទីយប់ ថ្ងៃទី១១ ខែកក្កដាឆ្នាំ២០១៩ នៅចំនុចផ្ទះជួល ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ម៉ូតូដែលចោរលួចយកទៅនោះ ម៉ាកស៊ុយហ្សូគីលេត ឆ្នាំ២០១៩ ពណ៌សលាយប្រាក់ ពាក់ស្លាកលេខ តាកែវ1G-9418 មានម្ចាស់ឈ្មោះ ចន ចាន់ណារី ភេទស្រី អាយុ២០ឆ្នាំ ជាគ្រូបង្រៀនភាសាអង់គ្លេសខ្មែរ ស្នាក់នៅផ្ទះជួលខាងលើជាម្ដាយ ។  នារីរងគ្រោះនិងម្ដាយនិយាយថា ទម្រាំតែទិញម៉ូតូ១គ្រឿងនេះបានជិះ ទុកទៅបំពេញការងារផងរៀនសូត្រផង គឺត្រូវសន្សំរាប់ខែឆ្នាំ និងខ្ចីត្បុលគេ ដើម្បីបង្គ្រប់ទិញ តែពេលនេះអស់ពីខ្លួនហើយ ។ នារីរងគ្រោះនិងម្ដាយ មានតែសំណូមពរដល់សមត្ថកិច្ច ជួយចាប់ពួកចោរនេះអោយបានឆាប់ផង ក្រែងពួកគាត់បានម៉ូតូមកជាយាន្តចិញ្ចឹមជីវិតវិញ ព្រោះកាមេរ៉ាសុវត្ថិភាព បានចាប់ភិនភាគចោរបានខ្លះដែរ ។

បើតាមអ្នកក្បែរខាងនិយាយថា លំនៅដ្ឋានផ្ទះជួលនេះ បាត់ម៉ូតូប្រហែល៥លើកហើយ សរុបទាំងលើកនេះ។ ម្ចាស់ផ្ទះជួលមានទ្វាររបង ដោយតម្រូវបិទម៉ោង១០យប់ និងបើកវិញម៉ោង៥ភ្លឺ ដោយម្ចាស់ផ្ទះបានជួលបុរសម្នាក់អោយមើលការខុសត្រូវរបងផ្ទះនេះ ។ ពេលនេះសមត្ថកិច្ចមូលដ្ឋាន កំពុងធ្វើការសាកសួរនិងស្រាវជ្រាវស្វែងរកក្រុមចោរ ៕ ដោយ ៖ ប៉ូច គឹមសុខ