ឯកឧត្ដម សៅ សុខា មិនអត់អោនចំពោះបុគ្គលដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើទេ ទោះអ្នកមានឬអ្នកក្រ អ្នកតូចឬអ្នកធំត្រូវតែអនុវត្តច្បាប់ដាច់ខាត

ភ្នំពេញ ៖ ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដាក់បទបញ្ជាតឹងរឹង មិនអត់អោនចំពោះបុគ្គល ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើទេ ទោះអ្នកមានឬអ្នកក្រ អ្នកតូចឬអ្នកធំ ត្រូវតែអនុវត្តច្បាប់ដាច់ខាត ។ 

ទន្ទឹមនឹងនេះឯកឧត្ដមក៏បានផ្តល់មតិថា ៖ ទទួលស្តាប់រាល់មតិយោបល់  គណៈកម្មការជាតិតែឯងមិនអាចការពារព្រៃឈើបានទេ។គប្បីមេត្តាចូលរួមគាំទ្រ៖១_ក្រសួងស្ថាបន័ដែលមានសមត្ថកិច្ច សុំពង្រឹងការសម្រេចចិត្តចេញលិខិតអនុញ្ញាតច្បាប់ និងត្រួតពិនិត្យកិច្ចការ ដែលជាតួនាទីភារកិច្ច ចងដោយច្បាប់ អោយបានរឹងរឹង។តាមការពិនិត្យដីសម្បទានមួយចំនួន មិនអាចដាំដំណាំកសិឧស្សាហកម្មដូចជា កៅស៊ូបានទេ ព្រោះខាងក្រោមសម្បូរណ៏ដោយថ្ម។ គ្មានប្រភពទឹកខែប្រាំងទៀងផង ។

២_ក្រុមហ៊ុនទទួលបានសិទ្ធិត្រូវគោរពបទដ្ឋាន បច្ចេកទេស កិច្ចសន្យាដោយស្មោះត្រង់ ពន្ធដារត្រូវតែអនុវត្តន៍ដាច់ខាត។៣_បងប្អូនប្រជាពលរដ្ឋជាម្ចាស់ប្រទេស សុំមេត្តាយល់ថា កាលពីជំនាន់ដូនតាយើង មិនប្រកបរបបកាប់ឈើ ហេតុអ្វីលោកអាចរស់បាន។ មុខរបបមានច្រើន ដែលអាចចិញ្ចឹមជីវិតបាន គួរដូរទម្លាប់បំផ្លាញខ្លួនឯង ដូចប្រសាសន៍សម្តេចតេជោថា កុំសម្លាប់មេមាន់។និង៤_លើកនេះជនល្មើស មិនថាអ្នកមានអ្នកក្រអ្នកតូចឬអ្នកធំទេ ច្បាប់ចែងច្បាស់ហើយ ព្រះរាជាណាចក្រកម្ពុជាជា ប្រទេសនីតិរដ្ឋ    ពលរដ្ឋស្មើភាពគ្នា ចំពោះមុខច្បាប់។ អោយតែរកឃើញថា ទង្វើនោះជាបទល្មើសត្រូវបង្ក្រាបទាំងមនុស្ស  មធ្យោបាយប្រព្រឹត្តបទល្មើស។មន្ត្រីអនុវត្តន៍ច្បាប់ ក្នុងគណៈកម្មការក៏ត្រូវពង្រឹងវិន័យ និងអនុវត្តន៍ច្បាប់ដូចគ្នា បើរកឃើញថាផ្សំគំនិតឬពាក់ព័ន្ធនិងបទល្មើស ។

អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ថា ចាប់ពីពេលបើកយុទ្ធនាការទ្រង់ទ្រាយធំ ធ្វើការស្រាវជ្រាវស៊ើបអង្កេត បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី បានចាប់ខ្លួនជនសង្ស័យ៤នាក់ បញ្ជូននៅតុលាការ និងពេលនេះជនសង្ស័យ៤នាក់ទៀត ដែលគេចខ្លួន កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវរកឱ្យឃើញ និងចាប់ខ្លួនតាមអំណាចដីកា បញ្ជាឱ្យចូលខ្លួន របស់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ។ ការបំផ្លាញចោលវត្ថុតាង ដែលជាមធ្យោបាយដឹកជញ្ជូននោះ នៅតែបន្តអនុវត្តយ៉ាងក្តៅគគុក ៕