ចូលរួមលើកតម្លៃ និងថែរក្សាបរិស្ថានប្រាសាទអង្គរ ដោយមិនពិសាអាហារ សេពគ្រឿងស្រវឹង នៅលើវាលស្មៅ និងមិនបោះសំរាមចោលផ្តេសផ្តាស ជុំវិញបរិវេណប្រាសាទអង្គរ

សៀមរាប ៖ យោងតាមការផ្សព្វផ្សាយ របស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ៖ រមណីយដ្ឋានអង្គរគឺជាទីកន្លែងពិសិដ្ឋ ដែលប្រជាជនខ្មែរតែងតែធ្វើការគោរពបូជា ប្រតិបត្តិនូវជំនឿសាសនា ជាទីសក្ការៈខ្ពង់ខ្ពស់បំផុតរបស់ខ្លួន ។ ជាមួយគ្នានេះផងដែរ ប្រាសាទអង្គរដែលជាដួងព្រលឹងជាតិខ្មែរ គឺត្រូវបានអ្នកប្រវត្តិវិទូនិងបុរាណវិទូ ចាត់ទុកថាតំណាងឱ្យចក្រវាឡ ។ គ្រប់ផ្នែកទាំងអស់នៃប្រាសាទអង្គរ ដូចជាប្រាង្គប្រាសាទកសិន្ធុ ទឹកទីធ្លាជុំវិញសុទ្ធតែជាទីសក្ការៈបូជា ព្រោះក្នុងជំនឿសាសនា ប្រាង្គប្រាសាទគឺជាតំណាងភ្នំព្រះសុមេរុ ហើយកសិន្ធុទឹក តំណាងឱ្យមហាសមុទ្រ ដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុនោះ ។ 

ទន្ទឹមនឹងនេះប្រជាជនខ្មែរ តែងតែសម្លឹងមកប្រាសាទអង្គរ ប្រកបដោយក្តីមោទនៈជាទីបំផុត នៅពេលដែលគេរំឭកអំពីភាពរុងរឿង ដ៏អស្ចារ្យរបស់ជាតិខ្មែរ នាពេលអតីតកាល ។ ដូច្នេះយើងគួរគប្បីចូលរួមទាំងអស់គ្នា ប្រកបដោយឆន្ទៈគោរពប្រតិបត្តិ គ្រប់ផ្នែកទាំងអស់នៃប្រាសាទអង្គរ ចាត់ទុកជាទីសក្ការៈបំផុត ។

បច្ចុប្បន្ននេះអាជ្ញាធរជាតិអប្សរា ក៏ដូចជាសាធារណជន បានសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ពុំបានផ្តល់គុណតម្លៃដល់ប្រាសាទអង្គរ ដូចអត្ថន័យខាងលើឡើយ ពោលគឺបាននាំគ្នាអង្គុយនៅលើវាលស្មៅ លើថ្ម ច្រាំងកសិន្ធុប្រាសាទអង្គរវត្ត លើខឿនប្រាសាទផ្សេងៗ ដើម្បីសេពគ្រឿងស្រវឹង បើកឧបករណ៍បំពងសំឡេងកម្សាន្ត សប្បាយខ្លាំងៗ ព្រមទាំងបន្សល់ទុកនូវសំរាម ដែលបង្កការប៉ះពាល់ដល់ទីសក្ការៈសោភ័ណភាព បរិស្ថាននិងសណ្តាប់ធ្នាប់ទូទៅផងដែរ។ ទង្វើទាំងនេះបាននិងកំពុងធ្វើឱ្យបាត់បង់ជាបណ្តើរៗ នូវភាពអច្ឆរិយៈ ភាពជាទីកន្លែងសក្ការៈបូជា របស់ប្រាសាទអង្គរ ហើយក៏ធ្វើឱ្យភ្ញៀវទេសចរបរទេស បាត់បង់នូវជំនឿមកលើទឹកដីដ៏អស្ចារ្យមួយនេះដូចដែលគេស្រមៃមុនពេលមកទស្សនា ។

ការចូលរួមរបស់បងប្អូនជនរួមជាតិ ក្នុងការលើកតម្លៃនិងថែរក្សាបរិស្ថានប្រាសាទអង្គរ តាមរយៈសកម្មភាព ដោយប្រយោលដោយមិនពិសាអាហារ សេពគ្រឿងស្រវឹងនៅលើវាលស្មៅ និងមិនបោះសំរាមចោលផ្តេសផ្តាស ជុំវិញបរិវេណប្រាសាទអង្គរ ពិសេសគោរពទៅតាមក្រមប្រតិបត្តិអង្គរនោះ គឺជាការគោរពចំពោះស្នាដៃដូនតា យើងនិងចូលរូមអភិរក្សមួយផ្នែកធំរួចទៅហើយ ។ ក្នុងន័យនេះសូមបងប្អូនប្រជាពលរដ្ឋ មេត្តាបញ្ឈប់សកម្មភាពទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃ នៃរមណីយដ្ឋានអង្គរ និងចូលរួមថែរក្សាកេរ្តិ៍មត៌កដូនតាទាំងអស់គ្នា ជាពិសេសប្រាសាទអង្គរយើង ៕