ម៉ូតូកង់បីឥណ្ឌាវ៉ាជែងរថយន្តមិនផុត បុកជាមួយរថយន្តមកពីទិសផ្ទុយ ស្លាប់២នាក់និងរបួសធ្ងន់ស្រាលបីនាក់

ភ្នំពេញ ៖ ពីរនាក់ប្តីប្រពន្ធបានបាត់បង់ជីវិត និងមនុស្ស៣នាក់ទៀតរងរបួសធ្ងន់ស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកជាមួយកង់បីឥណ្ឌា កាលពីវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខសាលាបង្រៀនបើកបរយានយន្ត២ធ្នូ តាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

អ្នកដែលស្លាប់ឈ្មោះ ញ៉ួន គិន​ ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរនៅផ្ទះ​ ចំណែកប្រពន្ធឈ្មោះ លាង ហាក់​ អាយុ៦៨ឆ្នាំ​ មុខរបរនៅផ្ទះស្នាក់នៅភូមិត្នោតជ្រុំ​ សង្កាត់បឹងទំពុនទី២ខណ្ឌមានជ័យ និងរងរបួស៣នាក់ ទីមួយមានឈ្មោះ ការ នេន ភេទស្រី អាយុ២ឆ្នាំ រងរបួសស្រាល ទី២ឈ្មោះ នេ ងរិន ភេទស្រី អាយុ៣២ឆ្នាំ រងរបួសធ្ងន់និង ទី៣អ្នកបើកបរម៉ូតូកង់បី មិនបានស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់ ។ 

ប្រភពពីអ្នករងរបួសស្រាលឱ្យដឹងថា មុនពេលកេីតហេតុក្រុមគ្រួសាររបស់គាត់ ចេញពីកម្មវិធីបងប្អូននៅបឹងត្របែក ដោយហៅកង់បីឈ្នួលជិះ មកតាមបណ្តោយផ្លូវ៣៧១ ពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ បានវ៉ាជែងរថយន្តមួយគ្រឿង តែវ៉ាមិនផុត ក៏ជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿងទៀត ម៉ាកហាយឡែនឌ័រ ដែលមកពីទិសផ្ទុយគ្នាពេញទំហឹង បណ្តាលឱ្យមានបញ្ហាបែបនេះតែម្ដង ។ 

ក្រោយកេីតហេតុ សមត្ថកិច្ចវាស់វែងយកយានយន្តទាំ២ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ជេីងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ ដោយ ៖ ធ្នូជ័យ