ភ្នំពេញ ៖ មានរថយន្តធុនយក្សដឹកទំនិញមួយគ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង៥ ទាបភ្លឺ ថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅជិតបុរីហាយធិច២ ស្ថិតក្នុងភូមិតាង៉ូវក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បើកតាមសម្តីតៃកុងឡានបានប្រាប់ថា គាត់មិនដឹងថាបណ្ដាលមកពីមូលហេតុអ្វីបានឆេះនោះទេ ដោយគ្រាន់តែដឹងថា ដំបូងរូបគាត់ដេកក្នុងកាប៊ីនរថយន្ត ក៏ស្រាប់តែមានផ្សែងឆ្ងៀម ហើយរកមើលទើបឃើញភ្លើងឆេះទំនិញពីខាងលើរថយន្តតែម្ដង។ ប្រជាពលរដ្ឋក្បែរនោះ បានឲ្យរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយអន្តរាគមន៍ និងចេញរថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់ ។
រថយន្តធុនយក្សខាងលើនេះ គឺម៉ាកហ៊ីយិនដាយ ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ3D-6074 បានចតស្ងៀម និងមានផ្ទុកទំនិញចម្រុះយ៉ាងច្រើនផងដែរ ។ ករណីឆេះនេះតាំងពីម៉ោង៥ រហូតដល់ ៧និង៥០នាទី ទើបរលត់ទៅវិញ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន២៧គ្រឿង ។ អីវ៉ាន់ក្នុងរថយន្តឆេះស្ទើរតែទាំងស្រុង បើគិតជាលុយអស់រាប់មុឺនដុល្លារ ៕ ដោយ ៖ ធ្នូជ័យ



