រថភ្លើងបុកបុរសម្នាក់ ជាសំណង់ការដ្ឋានស្ពានអាកាសចោមចៅ ស្លាប់នៅសង្កាត់ប្រទះឡាង

ភ្នំពេញ៖ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅលើផ្លូវដែក ស្ថិតនៅក្នុងភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ បន្ទាប់ពីបុរសជាកម្មករសំណងនៅការដ្ឋានស្ពានអាកាសចោមចៅម្នាក់ត្រូវបានគេប្រទះឃើញ ដេកស្លាប់កណ្ដាលផ្លូវដែកខាងលើហើយនគរបាលបានដាក់ការសង្ស័យថាបុរសនេះត្រូវ រថភ្លើងបុក ខណៈដែលគាត់ស្រវឹងស្រាហើយដើរតាមផ្លូវដែកនោះ។

បុរសដែលស្លាប់នេះឈ្មោះចេង ហុំ អាយុ៤០ឆ្នាំ មុខរបរកម្មករសំណង់នៅការដ្ឋានស្ពានអាកាសចោមចៅ មានទីលំនៅក្នុងភូមិកំពុងអុស ឃុំកំពង់អុស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។មានប្រពន្ធនិងកូនចំនួន៤នាក់នៅក្នុងបន្ទុកគ្រួសារ ប៉ុន្តែដោយរស់នៅមិនចុះសម្រុងនិងគ្នាពួកគាត់បានលែងលះគ្នារយៈពេល២ឆ្នាំកន្លងមកហើយ។

តាមសម្ដីសាច់ញាតិរបស់គាត់បាននិយាយថា កាលពីថ្ងៃទី២១ ខែកក្កដា បុរសនេះបានទៅលេងផ្ទះប្អូនប្រុសភ្លោះគាត់ម្នាក់ឈ្មោះចេង ហាន អាយុ០ឆ្នាំនៅក្នុងភូមិភ្លើងឆេះរទេះ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។លុះពេលមកដល់ក៏បានជួបជុំគ្នាជាមួយសាច់ញាតិផឹកសុីអស់ស្រាបៀរចំនួន២កេសរហូតដល់វេលាព្រលប់ថ្ងៃដដែលទើបឈប់ ហើយខណៈនោះប្អូនប្រុសគាត់ឈ្មោះចេង ហាន បានប្រាប់ឲ្យប្អូនម្នាក់ទៀតជិះម៉ូតូឌុបបងប្រុសខាងលើទៅកាន់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដើម្បីជិះរថយន្តឈ្នួលបន្តដំណើរទៅកាន់ការដ្ឋានសំណង់ស្ពានអាកាសចោមចៅវិញ។

ប្រភពដដែលបានបន្តថា បន្ទាប់ពីមកឈ្មោះចេងហានបានចូលដេក ចំណែកប្អូនប្រុសម្នាក់ទៀតមិនបានឌុបជនរងគ្រោះទៅតាមការផ្ដែរផ្ដាំនោញឡើយ ហើយបុរសរងគ្រោះក៏បានដើរចេញ ពីផ្ទះប្អូនបាត់ទៀត។ខណៈនោះដោយសារតែនឹកស្មានថាជនរងគ្រោះត្រឡប់ទៅ កាន់ការដ្ឋានសំណង់នៅឯស្ពាន អាកាសចោមចៅបាត់ ហើយនោះទើបពុំមានអ្នកអើពើតាមរក។លុះដល់វេលាថ្ងៃត្រង់ថ្ងៃទី២២ ខែកក្កដា ទទួលបានព័ត៌មានថាជនរងគ្រោះត្រូវរថភ្លើងបុកស្លាប់ ទើបបងប្អូននាំគ្នាទៅមើលនិងនាំយកសពទៅធ្វើបុណ្យតាមប្រពៃណី៕៩៦