សហគ្រាស ឯកបុគ្គល រតនាហ្គាស ចេញមុខទទួលខុសត្រូវចំពោះរថយន្តដឹកហ្គាសដែលបុកនិងកិននគរបាលម្នាក់ស្លាប់

ភ្នំពេញ ៖ លោក ជា ចន្ត្រា នាយករងផលិតកម្មនិងដឹកជញ្ជូន នៃក្រុមហ៊ុនកម្ពុជាតេលា បានថ្លែងប្រាប់អង្គភាពBBN នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះថា រថយន្តដឹកហ្គាសដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលអោយមនុស្សស្លាប់ នៅលើផ្លូវជាតិលេខ៣កាលពីកន្លងទៅ គឺមានម្ចាស់ឈ្មោះលោកស្រី អ៊ុក ពេជ្ររតនា ម្ចាស់សហគ្រាសឯកបុគ្គលរតនាហ្គាស ។ 

លោកបានស្នើសុំឱ្យអង្គភាពយើងជួយបំភ្លឺបញ្ជាក់បន្ថែមលើករណីនេះថា ដោយរថយន្តបង្កនោះមិនមែនជាកម្មសិទ្ធរបស់ក្រុមហ៊ុនកម្ពុជាតេលាឡើយ គឺជាការទទួលខុសត្រូវរបស់សហគ្រាសឯកបុគ្គលរតនាហ្គាស ។ លោកបានបញ្ជាក់ថា ការដែលផ្សាយព័ត៌មាននោះ គឺមិនមានកំហុសឆ្គងនោះឡើយ ប៉ុន្តែខាងក្រុមហ៊ុនគ្រាន់តែបញ្ជាក់បន្ថែមពីភាពទទួលខុសត្រូវ ចំពោះករណីគ្រោះថ្នាក់ចរាចរនេះប៉ុណ្ណោះ ។

ទន្ទឹមនឹងនេះសហគ្រាសឯកបុគ្គលរតនាហ្គាស ដែលមានទីស្នាក់ការនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានចេញសេចក្តីថ្លែងការណ៍ថា រថយន្តដឹកហ្គាសបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលអោយមនុស្សស្លាប់ខាងលើ គឺជាកម្មសិទ្ធិរបស់ខ្លួន មិនមែនជារថយន្តដឹកហ្គាសរបស់ក្រុមហ៊ុនកម្ពុជាតេលានោះឡើយ ។ ខាងក្រោមនេះជាសេចក្ដីថ្លែងការណ៍ របស់សហគ្រាសឯកបុគ្គលរតនាហ្គាស និងសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនកម្ពុជាតេលា ៖ 

សូមរំលឹកថា ជនរងគ្រោះស្លាប់មានឈ្មោះ យឹង សុិន ភេទប្រុសអាយុ៥៤ឆ្នាំមុខរបរជាមន្ត្រីនគរបាល (នាយរងប៉ុស្តិ៍ឃុំខ្វាវ) អាសយដ្ឋាននៅភូមិកន្សោមក្លែង ឃុំជំរះពេន ស្រុកសំរោង  ខេត្តតាកែវជិះម៉ូតូម៉ាកSUZUKIរីវ៉ូ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ  ពាក់ស្លាកលេខនគរបាល1.5071 រីឯរថយន្តម៉ាកហ៊ីយិនដាយ ពណ៌ស  ពាក់ស្លាកលេខ ភ្នំពេញ 3E-0345 ។