យុទ្ធនាការរយៈពេល១ខែគ្មានការផាកពិន័យ គឺអ្នកធ្វើដំណើរដោយម៉ូតូ ត្រូវតែពាក់មួកសុវត្ថិភាព រាប់ទាំងម៉ូតូកង់បី ឬជនពិកាក៏ដោយ

ភ្នំពេញ ៖ យុទ្ធនាការរយៈពេល១ខែ ដោយគ្មានការផាកពិន័យ សម្រាប់អ្នកធ្វើដំណើរដោយម៉ូតូ (បើកបរនិងអ្នកជិះពីក្រោយ) ត្រូវតែពាក់មួកសុវត្ថិភាព រាប់ទាំងម៉ូតូកង់បីនិងជនពិកាក៏ដោយ ព្រោះគ្រោះថ្នាក់ចរាចរ ដែលអាចអោយបាត់បង់ជីវិតនៅលើដងផ្លូវនោះ គឺពុំបានបែងចែកពីឋានៈ តួនាទីឬជនណាមួយនោះឡើយ ឱ្យតែប្រហែសមិនគោរពច្បាប់ចាចរ គឺងាយរងគ្រោះបំផុត ។ 

ក្រោយពីមានបទបញ្ជារបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ ដោយណែនាំឱ្យសមត្ថកិច្ចទូទាំងប្រទេស ត្រូវបើកយុទ្ធនាការរយៈពេល១ខែ ដោយគ្មានការផាកពិន័យ សម្រាប់អ្នកធ្វើដំណើរដោយម៉ូតូត្រូវតែពាក់មួកសុវត្ថិភាព ។ អ្នកល្មើសច្បាប់ចរាចរ ដែលសមត្ថកិច្ចឃាត់បាន គឺតម្រូវអោយរកមួកសុវត្ថិមកពាក់ចំពោះមុខសមត្ថកិច្ចទើបអាចធ្វើដំណើរទៅមុខទៀតបាន ។ ក្រោយបញ្ចប់យុទ្ធនាការរយៈពេល១ខែនេះ សមត្ថកិច្ចនឹងអនុវត្តការផាកពិន័យ ទៅតាមច្បាប់ដោយគ្មានការយោគយល់ ។

ស្របជាមួយយុទ្ធនាការរយៈពេល១ខែនេះ កម្លាំងនគរបាលទាំង១៤ខណ្ឌ នៃរាជធានីភ្នំពេញ ក្រោមបទបញ្ជារបស់ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តច្បាប់ចរាចរណ៍ទាំងយប់ទាំងថ្ងៃ តាមគោលដៅដងផ្លូវនានាដែលបានកំណត់ទុក ដោយអនុវត្តតាមសកម្មភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ និងជួយការពារអាយុជីវិត របស់ពលរដ្ឋគ្រប់រូបនៅលើដងផ្លូវ ៕