នាយតាក់ស៊ីសាងភ្នួសបានប្រមាណ២ខែ ត្រូវសឹកវិញដោយសារជំងឺទឹកនោមផ្អែមធ្វើទុក្ខខ្លាំង

ភ្នំពញ ៖ ក្រោយពីមានចិត្តជ្រះថ្លានឹងវិស័យព្រះពុទ្ធសាសនា នាយតាក់ស៊ី បានលះបង់ប្រពន្ធ កូន ផ្ទះសម្បែងលុយឡាន ដោយទៅសាងផ្នួសជាសង្ឃ គង់នៅវត្តថ្មីដងទង់ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ តែគួរឲ្យស្តាយ ក្រោយពីព្រះតេជគុណតាក់ស៊ីបួសជាសង្ឃមិនទាន់បាន២ខែស្រួលបួលផង ក៏ត្រូវសម្រេចចិត្តសឹកវិញ កាលពីព្រឹកថ្ងៃ០៥ ខែសីហា ឆ្នាំ២០១៩ ដោយសារតែអាការជំងឺធ្ងន់ធ្ងរខ្លាំង ត្រូវការព្យាបាលជាបន្ទាន់ ។

តាមយៈការជួយជ្រោមជ្រែងពីសមាគមអ្នកសិល្បៈករខ្មែរ ដែលមានអ្នកនាង ចន ចន្ទ័លក្ខិណា ជាប្រធាន ព្រះតេជគុណតាក់ស៊ី ត្រូវបានសមាគមសិល្បករខ្មែរ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកុសុមៈ។ តាមការអោយដឹងបន្ថែមពីព្រះតេជគុណ ហ៊ី ភារម្យ ដែលកន្លងមក ព្រះអង្គជាអ្នកជួយមើលថែលោកតាក់ស៊ី បានអោយដឹងថា ការព្យាបាលជំងឺរបស់លោកតាក់ស៊ីនៅពេលនេះ គឺត្រូវបានសមាគមសិល្បករខ្មែរធានារ៉ាប់រងទាំងអស់ ។

ជាមួយគ្នានោះដែរ នៅល្ងាចថ្ងៃទី៥ដដែលនោះ គេឃើញអ្នកនាង ភីមដែលជាអតីតភរិយា និងកូនប្រុស ក៏បានទៅសួរសុខទុក្ខនាយតាក់ស៊ីដល់មន្ទីពេទ្យផ្ទាល់ផងដែរ ។អ្នកនាងភីមបានអោយដឹងថា ទោះបីជាអ្នកនាងបានដាច់ស្រេចជាមួយអតីតស្វាមី មុនពេលដែលនាយតាក់ស៊ីសាងភ្នួសទៅហើយក្តី ក៏ប៉ុន្តែអ្នកនាងក៏ចិត្តមិនដាច់នោះដែរ ចំពោះទុក្ខលំបាករបស់អតីតស្វាមី ។ 

សូមបញ្ជាក់ថា នាយតាក់ស៊ីបានប្រកាសបោះបង់ប្រពន្ធនិងកូនផ្ទះសម្បែង លុយឡាន ដោយមានចិត្តជ្រះថ្លា ក្នុងផ្លូវព្រះពុទ្ធសាសនា និងបានចូលបួសជាព្រះសង្ឃ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅវត្តថ្មីដងទង់ ប៉ុន្តែក្រោយបួសជាសង្ឃមិនទាន់បាន២ខែស្រួលបួលផង ជំងឺទឹកនោមផ្អែមបានធ្វើទុក្ខកាន់តែខ្លាំង ទើបសម្រេច ចិត្តត្រូវលាចាកសិក្ខាបទវិញ ដើម្បីព្យាបាលជាបន្ទាន់៕