មន្រ្តីជំនាញ ប្រកាសឱ្យមនុស្សចាកចេញពីអគារ៩ជាន់ដែលកំពុងមានការប្រេះស្រាំនិងស្រុត និងអ្នករស់នៅជុំវិញក៏ត្រូវចាកចេញដែរ

ព្រះសីហនុ ៖ ក្រោយពីទទួលបានព័ត៌មានពីពលរដ្ឋបង្ហាញនូវរូបភាពប្រេះស្រាំរបស់អគារមួយ នៅខេត្តព្រះសីហនុ ទើបមន្រ្តីជំនាញរបស់មន្ទីរក្រសួងដែនដីនគរូនីយកម្មនិងសំណង់ បានចុះទៅពិនិត្យរកឃើញថា សំណង់កម្ពស់៩ជាន់ មានទីតាំងស្ថិតនៅក្បាលដីលេខ០០៨៤ទល់មុខរង្វង់មូលតោ២ វិថី២ធ្នូ ភូមិ៤ សង្កាត់លេខ៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បច្ចុប្បន្នកំពុងមានការប្រេះស្រាំ និងស្រុតជាបណ្តើរៗ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ចេញថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ បានបង្ហាញថា សំណង់សាងសង់ដោយក្រុមហ៊ុនឈួនរិន ខនស្ត្រាក់សិនអេនជីនារីង(ខេមបូឌា) ឯ.ក កំពុងមានការប្រេះស្រាំនិងស្រុតជាបណ្តើរៗ។ អគារមានការស្រុតពី៤០មមទៅ៨០មម នៅផ្នែកខាងកើតនៃអគារមានការស្រុត រហូតដល់៩មម និងផ្នែកខាងលិចនៃអគារមានការស្រុតរហូតដល់២៨មមថែមទៀត និងបន្តស្រុតតទៅទៀត ។ 

ក្រោយពីពិនិត្យរួចរាល់ ក្រុមមន្រ្តីក៏រកឃើញថាសំណង់នេះគ្មានលិខិតអនុញ្ញាតសាងសង់ និងគ្មានលិខិតអនុញ្ញាត បើកការដ្ឋាន។ អគារសាងសង់ខុសលក្ខណៈបច្ចេកទេសសំណង់ និងខុសនគរូបនីយកម្ម ។ ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពការពារទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ គណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ នៅខេត្តព្រះសីហនុ បានស្នើទៅរដ្ឋបាលខេត្តព្រះសីហនុ ចាត់វិធានការផ្អាកការដ្ឋានសាងសង់ជាបន្ទាន់ ហាមស្នាក់នៅហាមការប្រើប្រាស់សំណង់ ផ្អាកការប្រកបអាជីវកម្មគ្រប់ប្រភេទ នៅក្នុងអគារនិងឱ្យមនុស្សចេញពីអគារទាំងអស់។

តម្រូវឱ្យរុះរើសំណង់នេះចេញ ព្រោះសំណង់នេះមិនមានសុវត្ថិភាព និងគុណភាពសមស្របតាមលក្ខណៈបច្ចេកទេសសំណង់ទេ។ អាជ្ញាធរបានតម្រូវអោយប្រជាពលរដ្ឋ ដែលរស់នៅជិតខាងជុំវិញអគារនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់និងត្រូវចាកចេញពីលំនៅដ្ឋានជាបន្ទាន់ រហូតដល់មានការចាត់ចែងរួចរាល់ ៕