ស្រវឹងបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរងការខូចខាតនៅខណ្ឌសែនសុខ

ភ្នំពេញ​ ៖ នារីម្នាក់ស្រវឹងជោកជាំបើករថយន្តដឹកមិត្តភក្កិចេញមកពីរាំរែកនៅក្នុងក្លឹបហ៊្សូក​ ក្នុងល្បឿនលឿន​និងរ៉េពេញផ្លូវ​ រួចក៏ជ្រុលទៅបុកនឹងរបាំងថ្មចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យបាក់វៀចអស់៣កង់ហើយក៏ទៅមុខលែងរួច​ កាលពីវេលាម៉ោង១២និង៥៥នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃអង្គារ ទី១៣​ ខែសីហា​ ឆ្នាំ២០១៩ត្រង់ចំណុចខាងមុខខារ៉ាអូខេប៊េសស្តារ​ ស្ថិត​តាមបណ្ដោយផ្លូវ៥៩៨​ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ  រាជធានីភ្នំពេញ។

យោងតាមប្រភពពីបុរសម្នាក់ដែលជាម្ចាស់រថយន្តបាន ឲ្យដឹងថានៅមុនពេលកើតហេតុគាត់បានឱ្យស្រ្តីម្នាដែលជាមិត្តភក្តិរបស់គាត់បើកបររថយន្តរបស់​គាត់​ខាង​លេី​ម៉ាក​ MATIZ ពណ៌​ក្រហម​ ពាក់ស្លាកលេខ​ ភ្នំពេញ​2F-9203។ ដែលមាន​គាត់​និងមិត្ត​ភក្តិ​ប្រុស​ស្រី​ពីរទៅបីនាក់ទៀត​រួមដំណេីរ​ពីក្រោយ​ ដោយ​ពួកគាត់​ទេីបតែ​ចេញ​មកពី​ផឹកស៊ី​និង​រាំរែក​នៅ​ក្លឹប​កម្សាន្ត​ ហ៊្សូក​ បំណង​បេីកត្រលប់​ទៅ​ផ្ទះវិញ​នៅ​ស្ទឹងមានជ័យ​។ ហេីយដោយ​បេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥៩៨​ ក្នុង​ទិសដៅ​ពី​ជេីង​ទៅ​ត្បូង​ និងក្នុង​ល្បឿន​លឿន​ថែម​ទាំង​រ៉េ​ពេញផ្លូវ​ទៀត​ផង​។ លុះមកដល់ចំណុចកើតហេតុ​ ដោយ​អ្នក​បេីកបរ​ស្រវឹង​គ្រប់គ្រង​ដៃចង្កូត​លែង​បាន​ ក៏​ជ្រុល​ទៅ​ខាង​ឆ្វេង​ទៅ​បុក​និង​របាំង​ថ្ម​ពុះចែក​ទ្រូង​ផ្លូវ​ចំពេញ​ទំហឹង​ បណ្តាល​ឲ្យ​ដួល​បាក់​បែក​និង​វៀច​អស់​ចំនួន​៣កង់​។ ចំណែក​ឯ​រថយន្ត​បង្ក​បាន​រងការ​ខូចខាត​ដាច់​ក្រឡេ​កង់​ខាងមុខ​និង​ក្រពឹត​ផ្នែក​ខាងមុខ​យ៉ាង​ដំណំ​ទៅមុខលែងរួច​ ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​នរណា​ម្នាក់​រងរបួស​នោះទេ​។ ដោយ​ឡែក​ភ្លាមៗ​នោះ​ ស្រ្តី​ជាមិត្ត​ភក្តិ​និង​ជា​អ្នក​បេីក​បរ​រថយន្ត​បង្ក​ បាន​គេចខ្លួន​ចេញពី​កន្លែង​កើត​បាត់​ស្រមោល​ ចោល​បុរសជាម្ចាស់រថយន្ត​និង​រថយន្ត​ដែល​រង​ការ​ខូចខាត​ប៉ុណ្ណោះ​។

 ក្រោយពេល​កើត​ហេតុក៏​ឃេីញ​មាន​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ចុះមក​អន្តរាគមន៍​ដល់​កន្លែង​កើត​ហេតុ​ រួចក៏​បាន​រាយការណ៍​ជូនសមត្ថកិច្ច​ជំនាញ​អោយ​ចុះមក​ធ្វើការ​វាស់​វែង​និង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដេីម្បី​រង់ចាំ​ធ្វើ​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់​ជាបន្ត​ទៀត​នៅ​ពេល​ក្រោយ​៕​ ដោយធ្នូជ័យ