ដើរអួតស្គាល់អ្នកធំច្រើន បោកពលរដ្ឋដែលចង់ចូលក្របខណ្ឌរដ្ឋ បានលុយជិត៣៨ម៉ឺនដុល្លារ

ភ្នំពេញ ៖ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ បានបញ្ជូនជនសង្ស័យឈ្មោះ សេក សុខជា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់បន្តតាមនីវិធីច្បាប់ ពាក់ព័ន្ធករណីប្រើល្បិចបោកប្រាស់ប្រជាពលរដ្ឋ បានលុយឲ្យជាបន្ដបន្ទាប់ សរុបប្រមាណ៣៧៨,៥០០ដុល្លារ ។

សមត្ថកិច្ចក្រសួងមហាផ្ទៃបញ្ជាក់ថា ជនសង្ស័យឈ្មោះ សេក សុខជា បានយកឈ្មោះថ្នាក់ដឹកនាំ ទៅដើរបោកប្រាស់ប្រជាពលរដ្ឋ ដើម្បីរត់ការចូលបម្រើការ នៅតាមក្រសួងមួយចំនួន យកអស់ប្រាក់សរុបប្រមាណ៣៧ម៉ឺនដុល្លារអាមេរិក។ ហើយត្រូវបានកម្លាំង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តាមស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួន បានកាលពីល្ងាច ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ។

បន្ទាប់ពីបានទទួលលុយរួចមក ជនសង្ស័យឈ្មោះ សេក សុខជា មិនបានរត់ការអ្វីនោះទេ ហើយថែមទាំងភូតកុហកជនរងគ្រោះ ដើម្បីគេចវេស ។បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី ៕