ម្ចាស់អគារ២ទីតាំងដែលស្រុតនិងប្រេះស្រាំ ទ្រេត យល់ព្រមឯកភាពរុះរើជាបន្ទាន់

ព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំជាមួយម្ចាស់សំណង់ចំនួន០២ ដែលតាមមន្ត្រីបច្ចេកទេសនៃក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ បានសិក្សាវាយតម្លៃផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មិនអាចអោយដំណើរការសាងសង់ និងដាក់អោយប្រើប្រាស់ជាផ្លូវការ នូវសំណង់អគារពីរខាងលើ និងបានសំណូមពរអោយម្ចាស់អគារទាំងពីរ អនុវត្តតាមការជូនដំណឹងរបស់មន្ត្រីជំនាញ ព្រោះវាអាចបង្កហានិភ័យ ដល់ប្រជាពលរដ្ឋ ក៏ដូចជាបុគ្គលិកបំរើការងារនៅក្នុងអគារផងដែរ ។   

ក្រោយពីបានស្តាប់ការបកស្រាយពីឯកឧត្តមអភិបាលខេត្តរួចមកលោក ស៊ូ ហ្វូពីង ZHU FUBING ម្ចាស់សំណង់អគារ មានទីតាំងស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (សំណង់ផ្នែកអគារខាងឆ្វេងអគារស្រុតប្រវែង១១៧mm និងផ្នែកខាងស្តាំស្រុតប្រវែង៩០mm និងប្រេះស្រាំ) ថ្មីៗនេះរដ្ឋបាលខេត្ត បានចេញរុះរើសំណង់ជាបន្ទាន់ ។ លោក ស៊ូ ហ្វូពីង ZHU FUBING ម្ចាស់សំណង់ បានយល់ព្រមរុះរើតាមការណែនាំរបស់រដ្ឋបាលខេត្ត ក៏ប៉ុន្តែស្នើសុំរដ្ឋបាលខេត្តជួយសិក្សាបច្ចេកទេស និងលិខិតអនុញ្ញាតសាងសង់វិញ និងសុំពន្យាពេលកិច្ចសន្យាតម្លៃនៃការជួលដី ។

ដោយឡែកសំណង់របស់លោក MA SHUNDI ស្ថិតនៅភូមិ៣  សង្កាត់លេខ២ ក្រុងព្រះសីហនុ សំណង់មានការទ្រេតអគារ រដ្ឋបាលខេត្តបានចេញលិខិតជម្លៀសមនុស្សចេញ និងរុះរើសំណង់ជាបន្ទាន់ ។ព្រោះសំណង់នេះមន្ត្រីបច្ចេកទេស នៃក្រសួងដែនដីពិនិត្យឃើញថា សំណង់មានហានិភ័យទ្រេតជាខ្លាំងត្រូវរុះចេញ ។ម្ចាស់សំណង់ ក៏បានឯកភាពក៏ប៉ុន្តែស្នើសុំ អោយរដ្ឋបាលខេត្ត ជួយសម្របសម្រួល ជាមួយម្ចាស់ដីតម្លៃជួល ក្នុងការរុះរើនិងសុំជួយសម្រួលច្បាប់សាងសង់ ។ 

កិច្ចប្រជុំបានឯកភាពតាមសំណើរបស់រដ្ឋបាលខេត្ត ដោយម្ចាស់សំណង់អគារទាំងពីរខាងលើ បានឯកភាពតាមការស្នើសុំរុះរើរបស់រដ្ឋបាលខេត្តព្រះសីហនុ ហើយម្ចាស់ដីទាំងពីរក៏បានឯកភាពបន្ថែមកិច្ចសន្យាមិនគិតថ្លៃឈ្នួលរយៈពេលរុះរើសាងសង់ឡើងវិញ តាមការស្នើសុំរបស់ម្ចាស់សំណង់ ៕​