មានអ្នកទិញទើបមានអ្នកលួច ! មុខសញ្ញាសកម្មដែលតែងតែធ្វេីសកម្មភាពលួចស្លាកលេខរថយន្ត ត្រូវបានបង្ក្រាប

ភ្នំពេញ ៖ ជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីលួចស្លាកលេខរថយន្តដ៏សកម្ម ត្រូវបានកំលាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ចាប់ពីម៉ោង១រំលងអាធ្រា្រត រហូតដល់ម៉ោង៦ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៧៨ មុខក្លោងទ្វារចូលវត្តកោះ ភូមិ៥ សង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។ 

លោកវរសេនីយឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញបានឱ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួន ១.ឈ្មោះ សាត វុត្ថា​ អាយុ៣១ឆ្នាំ​ ២.ឈ្មោះ ធឿន ប៊ុនថេង អាយុ២៩ឆ្នាំ​ ៣.ឈ្មោះ រ៉ុត ខ្លឹមពិដា អាយុ៣៤ឆ្នាំ​ ៤.ឈ្មោះ ឡេង រ៉ាវុធ អាយុ២២ឆ្នាំ​ និង៥.ឈ្មោះផើម យ៉ាងភូម អាយុ២២ឆ្នាំ​ ជនជាតិវៀតណាម​ ។ ពួកគេទាំង៥ មានមុខរបរនិងទីលំនៅមិនពិតប្រាកដ ។ 

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ស្លាកលេខរថយន្តមានលេខភ្នំពេញ2AE-2757 ចំនួន០២ ។ឧបករណ៍កូនសោរ សំរាប់ដោះស្លាកលេខរថយន្តមួយចំនួន ។  ម៉ូតូមួយគ្រឿងម៉ាកICON ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1U-3625 ។ សមត្ថកិច្ចកំពុងតែធ្វេីការសាកសួរបន្ថែម​ ព្រមទាំងកសាងសំណុំរឿងតាមនីតិវិធី។ 

សូមជម្រាបថា កន្លងមកលេខរថយន្តរបស់ពលរដ្ឋមិនតិចគ្រឿងនោះទេ ត្រូវបានចោរលួចយកទៅលក់អោយជនខិលខូច ដែលពួកគេមានទីផ្សារលក់ស្លាកលេខ (ពិត) ដើម្បីយកទៅបំពាក់រថយន្តអត់បង់ពន្ធដទៃទៀត ៕