ក្លែងបន្លំជាសាច់ញាតិ ឯកឧត្តម យឹម លាង បោកលុយគេជិត១០០នាក់បានរាប់សិបម៉ឺនដុល្លារ ប្រាប់ថារត់ការចូលក្របខណ្ឌកងទ័ព

ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណីក្លែងបន្លំជាសាច់ញាតិ ឯកឧត្តម យឹម លាង បោកយកលុយគេប្រហែល១០០នាក់ បានលុយរាប់សិបម៉ឺនដុល្លារ ដោយប្រាប់ថា រត់ការចូលក្របខណ្ឌកងទ័ព ។ 

ជនសង្ស័យទី១មានឈ្មោះ ប៊ិន ឡាច ហៅវ៉ែន សារ៉ាត់ភេទប្រុស ៥៧ឆ្នាំ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភោជនីយដ្ឋានណានជីង សង្កាត់មិត្តភាព ខណ្ឌ៧មករា និងជនសង្ស័យទី២ឈ្មោះ តុប គឹមហុង ហៅ យឹម ឈុនហុង ភេទប្រុសអាយុ៤៦ឆ្នាំ ត្រូវបានឃាត់ខ្លួន នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចទល់មុខភោជនីយដ្ឋានព្រឹកថ្មីល្ងាចស្រស់ ផ្លូវ១១៥កែង២៧៤ សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា ។

ក្រោមវិធានការជំនាញ របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពថា ឈ្មោះតុប គឹមហុង បានប្រើល្បិចប្តូរឈ្មោះជា យឹម គឹមហុង កុហកជនរងគ្រោះថា ជាបងប្អូនជីដូនមួយរបស់ឯកឧត្តម យឹមលាង ព្រមទាំងកុហកជនរងគ្រោះទៀតថា នៅពេលឆាប់ៗខាងមុខនេះ ឯកឧត្តមយឹមលាង នឹងទៅកាន់អគ្គនាយកដ្ឋានវិស្វកម្ម ហើយបង្កើតនាយកដ្ឋានថ្មីចំនួន០៦ ត្រូវការជ្រើសបុគ្គលិកចំនួន៣០០នាក់ ហើយគេអាចបញ្ចូលក្របខណ្ឌបាន ។ 

ដោយត្រូវចំណាយប្រាក់ទៅតាមឋានន្តរសក្តិ ក្នុងនោះថ្នាក់វរសេនីយ៍តម្លៃ៥,៥០០$ ទៅ៦,០០០$ ថ្នាក់អនុសេនីយ៍ឯកតម្លៃ៤,៥០០$ ទៅ៥,០០០$ ថ្នាក់អនុសេនីយ៍ទោតម្លៃ៣,៥០០$ ទៅ៤,០០០$ ថ្នាក់អនុសេនីយ៍ត្រីតម្លៃ២,០០០$ ទៅ២,៥០០$ និងថ្នាក់ពលទាហានតម្លៃ៧០០$ ទៅ១,០០០$។ ពួកគេបានធ្វើសកម្មភាពបែបនេះឆបោកប្រាក់ពីជងរងគ្រោះ សរុបប្រមាណ១០០នាក់ហើយតែពុំមានជនរងគ្រោះណាម្នាក់ បានចូលក្របខណ្ឌឡើយ រហូតមានជនរងគ្រោះម្នាក់ មានការសង្ស័យក៏ប្តឹង ទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យជួយធ្វើការស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួននជនសង្ស័យតែម្តង៕