រថយន្តកុងតឺន័រវ៉ាជែងរថយន្តខាងមុខ ជ្រុលមកបុកម៉ូតូបណ្ដាលឱ្យបុរសម្នាក់ស្លាប់

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណៈកំពុងជិះម៉ូតូត្រូវរថយន្តកុងតឺន័រ បុកកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩ នៅត្រង់ចំណុចខាងកើតរង្វង់មូលនាងបីគួរស្រូវ ចំងាយប្រហែល២០០ម៉ែត្រ តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះខាងលើមានឈ្មោះ ប៉ែន តុលា អាយុ២៥ឆ្នាំ ជាជាងប៉ះកង់ឡាន ស្នាក់នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងមានស្រុកកំណេីតខេត្តស្វាយរៀង  ជិះម៉ូតូម៉ាកហុងដាគុបជ្រុងពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ស្វាយរៀង1F-1790 រីឯរថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ប្រភេទដឹកទូរកុងតឺន័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-0247 តៃកុងរត់បាត់។ 

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសរងគ្រោះ ជិះម៉ូតូម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីកើតមកលិច ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កធ្វើដំណើរបញ្ច្រាស់ទិសគ្នា ក្នុងល្បឿនយ៉ាងលឿន និងបានវ៉ាជែងរថយន្តមួយគ្រឿងផ្សេងទៀត ជ្រុលមកបុកម៉ូតូចំពីមុខពេញទំហឹងតែម្ដង ។ 

ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែងយករថយន្តបង្កនិងម៉ូតូ ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ នាពេលក្រោយ។ ចំណែកសពត្រូវសាច់ញាតិដឹកយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី ៕ដោយ ៖ ធ្នូជ័យ