នគរបាលប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយត្រួតពិនិត្យបិទទីតាំងស្កុក គ្រឿងសបន្លាស់រថយន្តបន្លំ ម៉ាកKYB ចំនួន០២ទីតាំងក្នុងខណ្ឌសែនសុខ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩  គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ តាន់ គុណតារា ប្រធានក្រុមប្រតិបត្តិការបង្រ្កាបបទល្មើស អនឡាញ បានសហការជាមួយមន្ត្រីជំនាញ រួមនិងប៉ុស្តិ៍នគរបាលមូលដ្ឋាន និងក្រោមការសម្របសម្រួល ដោយលោកស្រី កែវ សុគន្ធា ព្រះអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេរ បង្រ្កាប ដកហូតវត្ថុតាង និងបិទទីតាំងស្តុករក្សាទុក ចែកចាយនូវផលិតផលគ្រឿសបន្លាស់បូមរថយន្តក្លែងក្លាយម៉ាកKYB ចំនួន០២ទីតាំងក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

ការចុះបង្រ្កាបទីតាំងខាងលើនេះត្រូវបានធ្វើឡើងយោងតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុនដើម និងជាម្ចាស់ម៉ាក KYB     នៅប្រទេសជប៉ុន។ជាលទ្ធផលគណៈកម្មាធិការចម្រុះបានរកឃើញវត្ថុតាងរួមមាន គ្រឿងបន្លាស់បូមរថយន្តម៉ាកKYBក្លែងក្លាយចំនួន ២៣១ ដើម ជាផលិតផលក្លែងបន្លំម៉ាកសញ្ញា KYB និងបូមរថយន្ដគ្មានម៉ាកសញ្ញា ដែលសង្ស័យថាក្លែងក្លាយចំនួនជាង ៧០០ ដើមទៀត។ 

គួរបញ្ជាក់ថា ផ្អែកលើការបកស្រាយរបស់អ្នកជំនាញពីក្រុមហ៊ុនដើម ផលិតផលបូមរថយន្ដក្លែងក្លាយដែលគ្មានគុណភាពអាចបង្កជាគ្រោះថ្នាក់ដល់សុវត្ថិភាពអ្នកប្រើប្រាស់បាន។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកោះហៅមកបំភ្លឺ ដើម្បីធ្វើការស៊ើបអង្កេតបន្ត។96