ឧកញ៉ាព្រៃឈើ គង់ ក្រឹង និងកូនប្រសារ ត្រូវបានឃាត់ខ្លួន

ភ្នំពេញ ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់លោកនាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ និងមានការសម្របសម្រួល ពីអយ្យការ កម្លាំងអាវុធហត្ថខេត្តក្រចេះ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ បានធ្វើការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ចំនួន២រូប ក្នុងនោះមានជនសង្ស័យឧកញ៉ា គង់ ក្រឹង និងឈ្មោះ ម៉ាត់ ណាស៊ាត ។ 

លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបញ្ជាក់ថា យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ នៃការស៊ើបអង្កេត មន្ត្រីនគរបាលយុត្តិធម៌អាចឃាត់ខ្លួនបុគ្គល ដែលសង្ស័យថាបានចូលរួមក្នុងបទល្មើស ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩កន្លងទៅ ក្រុមការងារគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានកោះហៅឧកញ៉ា គង់ ក្រឹង ឱ្យចូលបំភ្លឺនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ។ 

ឧកញ៉ា គង់ ក្រឹង មានទីលំនៅភូមិដីច្រាបថ្មី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ជាម្ចាស់រោងសិប្បកម្មម៉ាត់ណាស៊ាត ត្រូវចូលបំភ្លឺតាមពេលវេលាកំណត់ និងត្រូវនាំឯកសារពាក់ព័ន្ធទៅជាមួយផង ដែរ។ ក្រោយការសាកសួរ សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនតែម្ដង ៕