ចិន២នាក់ជិះរថយន្តបុករបាំងថ្ម រួចនាំគ្នាទៅផឹកក្រឡុកធ្វើមិនដឹង

ភ្នំពេញ ៖ បុរសជនជាតិចិន២នាក់ បានជិះរថយន្តជ្រុលទៅបុកក្បាលរបាំងថ្ម ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់២កង់ ចំណែករថយន្តខ្ទេចផ្នែកខាងមុខទៅលេងរួច កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនិងផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ  រាជធានីភ្នំពេញ ។ 

រថយន្តបង្កម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AR-8479  បើកបរដោយបុរសម្នាក់ជនជាតិចិន និងរួមដំណើរដោយបុរសម្នាក់ទៀតជនជាតិចិន ។ ពួកគេបានគេចខ្លួនបាត់ពីកន្លែងកើតហេតុ ។ 

 តាមប្រភពបានឲ្យដឹងថា មុនកើតហេតុរថយន្តបង្ក ធ្វើដំណើរតាមបណ្តោយមហាវិថីព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ កែងនិងផ្លូវកម្ពុជាក្រោម បានរ៉េចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូវផ្លូវ ពេញទំហឹង បណ្តាលឲ្យ​បាក់អស់២កង់ ចំណែករថយន្តបែកកង់មុខ ផ្នែកខាងឆ្វេង និងដាច់កាឡែទៅមុខលេងរួច។ 

ប្រភពបន្តថា បន្ទាប់មកជនជាតិចិនទាំង២នាក់ ក៏បាននាំគ្នាចេញពីរថយន្ត មកអង្គុយផឹកទឹកក្រឡុកធ្វើមិនដឹងដូចគ្មានរឿងអ្វីកើតឡើង ផឹករួចហើយក៏នាំគ្នាឡើងជិះកង់បី ចេញពីកន្លែងកើតហេតុបាត់ស្រមោល ។ ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែងយករថយន្តបង្ក ទៅរក្សាទុករង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ដោយ ៖ ធ្នូជ័យ