បុរសជនជាតិចិនម្នាក់ដើរសុខៗស្រាប់តែដួលផ្កាប់មុខស្លាប់ភ្លាមៗ ដោយសារគាំងបេះដូង

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃព្រហស្បតិ៏ ទី១៥ ខែសីហា ឆ្នាំ២០១៩ ដោយបុរសជនជាតិចិនម្នាក់បាន ដើរដួលផ្កាប់មុខ ហើយត្រូវប្រជាពលរដ្ឋជួយលើកធ្វើចលនា តែអកុសលជនរងគ្រោះបានស្លាប់ភ្លាមៗត្រង់ចំណុចមុខហាង ម៉ាស្សាកោសជប់ យីហោ(ម៉េងជូ) លើផ្លូវបេតុង ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។

យោងតាមសម្ដីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា ដំបូងគេឃើញបុរសជនជាតិចិន២នាក់បានដើរមកកន្លែងកើតហេតុ ហើយម្នាក់បានចូលក្នុងហាងម៉ាស្សាកោសជប់ខាងលើ រីឯជនរងគ្រោះមិនបានចូលជាមួយនោះទេ ដោយបានដើរចុះដើរឡើង២ទៅ៣ជុំ ត្រង់ចំណុចកើតហេតុ ។ លុះមួយសន្ទុះក្រោយក៏ស្រាប់តែដើរដួលផ្កាប់មុខ ធ្វើឲ្យប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុមានការភ្ញាក់ផ្អើល មានអ្នកខ្លះជួយលើកធ្វើចលនាដើមទ្រូង និងអ្នកខ្លះទៀតទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ឲ្យមកជួយសង្គ្រោះ តែអកុសលខណៈគ្រូពេទ្យមកដល់ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចដ្ឋានបានចុះមកដល់ និងទាក់ ទងទៅខាងសមត្ថកិច្ចជំនាញកោសល្យវិច្ឆ័យឲ្យមកពិនិត្យ ទើបដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរ (គាំងបេះដូង)ពិតប្រាកដមែន រួចក៏ធ្វើឯកសារប្រគល់ឲ្យសាច់ញាតិ ឬអ្នកស្គាល់ជាជនជាតិចិនដូចគ្នា ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ដោយធ្នូជ័យ