បញ្ឈប់ចែកចាយលក់គ្រឿងសម្អាង គ្មានលេខប្រវេទន៍៥មុខ ជាបន្ទាន់ព្រោះអាចប៉ះពាល់ដល់សុខភាពពលរដ្ឋ

ភ្នំពេញ- យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងកាលពី ថ្ងៃទី២២ សីហា ២០១៩ ស្តីពីការហាមឃាត់គណនីយហ្វេសប៊ុក ឈ្មោះ Lyheng Smile , Heng Smile ដែលបានចែកចាយនិងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសំអាង តាមបណ្តាញសង្គមហ្វេសប៊ុក ដែលគ្មានលេខប្រវេទន៍ និងគ្មានច្បាប់ស្តីពីក្រសួងសុខាភិបាល ។ 

ប្រភពបានបង្ហាញបន្តថា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖តាមការពិនិត្យឃើញ លើបណ្តាញសង្គមហ្វេសប៊ុក (Facebook) រៀងរាល់ថ្ងៃ មានគណនីឈ្មោះ Lyheng Smile, Heng Smile កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាង គ្មានលេខប្រវេទន៍ចំនួន៥មុខ ១-Ly Heng Skin Care Silver, ២- Ly Heng Skin Care Gold, ៣-Cleansing Form, ៤-Scrum Collagen Plus, ៥-Day Cream គ្មានក្រុមហ៊ុនត្រឹមត្រូវ គ្មានលេខប្រវេទន៍ គ្មានការត្រួតពិនិត្យគុណភាព និងគ្មានការអនុញ្ញាត ឱ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ ។

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិត របស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំជឿការឃោសនា ភូតកុហកបោកប្រាស់ខាងលើ និងបញ្ឈប់ការប្រើប្រាស់ផលិតផលគ្រឿងសម្អាង គ្មានលេខប្រវេទន៍ខាងលើដែលផ្សព្វផ្សាយតាមគណនីឈ្មោះ Lyheng Smile, Heng Smile ហើយក្រសួងសុខាភិបាលតម្រូវឱ្យម្ចាស់គណនីឈ្មោះLyheng Smile, Heng Smile ត្រូវឈប់ផ្សព្វផ្សាយលក់ឬចែកចាយផលិតផលគ្រឿងសម្អាង គ្មានលេខប្រវេទន៍ខាងលើនេះព្រមទាំងប្រមូលមកកំទេចចោលជាបន្ទាន់ ។

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីឈ្មោះLyheng Smile, Heng Smile ដែលផ្សព្វផ្សាយលក់ ឬចែកចាយ ផលិតផលគ្រឿងសម្អាងគ្មានលេទប្រវេទន៍ទ ខាងលើនេះទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីច្បាប់វិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងលក់ឬចែកចាយផលិតផលគ្រឿង សម្អាងគ្មានលេខប្រវេទន៍ខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារបរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖០១១៥៧៤៧៨៧, ០១២៩៨៣៣៣៤, ០១២៨៩២០២២, ០១៧៦០៦៦៧០, ០១៧៨៦៦៧៦០។ សូម​ភ្ជាប់​គណនី​ឈ្មោះ​ Lyheng Smile,Heng Smile​ និង​ផលិត​ផល​គ្រឿង​សម្អាង​គ្មាន​លេខ​ប្រវេទន៍​ទាំង​៥មុខ ៕