និស្សិតឆ្នើម ហុង ភារិន ដែលស្ថិតក្នុងត្រកូលក្រខ្សត់ តែមានចំណេះដ៏អស្ចារ្យ មានភ័ព្វវាសនាខ្ពស់បានជួបនាយករដ្ឋមន្រ្តី

ភ្នំពេញ ៖ ស្ថិតក្នុងត្រកូលក្រខ្សត់និងឆ្លងកាត់ការលំបាករាប់មិនអស់ និស្សិតឆ្នើម ហុង ភារិន បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅប្រទេសថៃ និងភ្ញាក់ផ្អើលមកដល់ប្រទេសកម្ពុជា ចំពោះចំណេះដឹង ជាពិសេសពីការចងចាំដ៏អស្ចារ្យបំផុត ដែលមនុស្សភាគច្រើនមិនអាចធ្វើបាន ។  

ជាបន្តបន្ទាប់ និស្សិតឆ្នើម ហុង ភារិន បានទទួលការសរសើរនិងលើកទឹកចិត្តចំពោះយុវជនខ្មែររូបនេះ ពីសំណាក់ប្រជាជនថៃ ជាពិសេសប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ រហូតមានវាសនាខ្ពស់បានជួបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន នៅឯគេហដ្ឋាននាយករដ្ឋមន្រ្តីផ្ទាល់ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ។ 

សម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍ថា « ខ្ញុំនិងភរិយាទើបបានជួបយុវជនហុងភារិន និងបងប្រុសរបស់គាត់ ឈ្មោះហុងភារុន នៅមុននេះបន្តិចនៅគេហដ្ឋានរបស់ខ្ញុំ ។ គោលបំណងនៃការជួបរបស់ខ្ញុំ គឺចង់ស្វែងយល់នូវបំណងនិងគោលដៅ ដែល ហុង ភារិន ចង់ទៅ ដើម្បីងាយស្រួលដល់ការជួយរបស់យើង ឱ្យស្របជាមួយបំណង ដែលភារិនចង់ទៅ និងចង់បាន ។ ខ្ញុំក៏បានជួយដល់ ហុង ភារុន ដែលរៀនចប់បរិញ្ញាបត្រ និងកំពុងធ្វើការនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្នែកពន្ធដារ ឱ្យបន្តរៀនយកបរិញ្ញាបត្រជាន់ខ្ពស់តទៅទៀត ។ ជូនពរកូនប្រុសទាំងពីរជួបតែសេចក្តីសុខ និងសម្រេចនូវបំណងប្រាថ្នា ដែលកូនចង់បាន» ។ 

សូមជម្រាបថាកន្លងមកថ្មីៗនេះ និស្សិតឆ្នើម ហុង ភារិន បានបង្ហាញនូវគោលបំណង ក៏ដូចជាក្ដីសុបិន្តធំៗរបស់ខ្លួនចំនួន២ ដោយក្ដីសុបិន្តទី១ គឺលោកនឹងយកនូវចំណេះដឹង ផ្នែកអភិវឌ្ឍន៍ជនបទ របស់ខ្លួន មកចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត និងទី២ លោកមានបំណង ចង់បង្ហាញអំពីសមត្ថភាពរបស់កូនខ្មែរ និងលើកទង់ជាតិខ្មែរវនៅក្នុងការប្រកួតការចងចាំលំដាប់ថ្នាក់ពិភពលោក ដែលនឹងប្រពឹត្តទៅនៅខែធ្នូ នៅប្រទេសចិននាពេលខាងមុខ ៕