ស្រ្តីចាស់ជរាអាយុជិត៩០ឆ្នាំម្នាក់ លើកដៃសំពះសុំឱ្យសម្តេចតេជោ ជួយរកយុត្តិធម៌ជូនគាត់

ភ្នំពេញ ៖ លោកយាយចាស់ជរាអាយុជិត៩០ឆ្នាំម្នាក់ បានស្រែករកសម្តេចតេជោជួយរកយុត្តិធម៌  ខណៈដែលសាលាដំបូងខេត្តកំពង់ចាម ចេញសាលក្រមចុះអនុវត្តបំបែកប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (ប័ណ្ណស្លាបមាន់ស្របច្បាប់) និងគ្រោងរុះរើតូបលក់ដូរ នៅលើដីចំណីផ្លូវ (ក្រៅដីទំនាស់) ទៅឱ្យដើមបណ្តឹងម្នាក់ជាអ្នកឈ្នះក្តី ។លោកយាយសំណូពរបែបនេះ ខណៈសាលាដំបូងខេត្តកំពង់ចាម នឹងចុះអនុវត្តសាលដីកានៅថ្ងៃទី១៣ខែកញ្ញាខាងមុខ ។ 

លោកយាយ ឡោ លន់ អាយុ៨៩ឆ្នាំ រស់នៅភូមិផ្អាវឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម បានលើកឡើងប្រាប់ក្រុមសារព័ត៌មាននៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះថា លោកយាយជាស្រ្តីមេម៉ាយ បានរស់នៅក្នុងភូមិឃុំខាងលើនេះ តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ដោយរូបគាត់មកកាប់ឆ្ការព្រៃ ដើម្បីរុករានធ្វើលំនៅដ្ឋាន រស់នៅទីនេះ តាំងពីម្តុំនេះមានព្រៃក្រាស់ គឺមានតែពីរគ្រួសារនោះទេ មករស់នៅទីនេះមុនគេ។មកដល់សម័យរដ្ឋកម្ពុជា រដ្ឋបានសម្រេចចិត្តគ្រប់គ្រងដីបង្កបង្កើនផល និងដីលំនៅដ្ឋានមកជាឯកជនភាវូបនីយកម្ម បានន័យថាក្នុងឆ្នាំ១៩៩២ រដ្ឋបាលស្រុកបាធាយបានបង្កើតក្រុមការងារចុះវាស់វែង មានរដ្ឋអំណាចភូមិ-ឃុំ និងមានការិយាល័យសូរិយោដីស្រុក ចុះវាស់ដីជូនដល់ប្រជាពលរដ្ឋ រួមជាមួយរូបគាត់ផងដែរ។

លោកយាយបានឱ្យដឹងថា ពាក់ព័ន្ធប័ណ្ណកម្មសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីលេខ I70129 ចុះថ្ងៃទី22-9-1992 មកដល់ពេលបច្ចុប្បន្នប្រធានភូមិបាលស្រុកបាធាយ បានបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីរបស់គាត់ គឺជាប្លង់កាន់កាប់ដីធ្លីពិតប្រាកដមែន (នៅតែទទួលដឹងឮថា ជាដីស្របច្បាប់របស់គាត់) ។

ចំពោះរឿងរាវនេះលោក ឈាង គីមអាង ប្រធានការិយាល័យសូរិយោដីស្រុកបាធាយ នាពេលកន្លងមក បានបញ្ជាក់ថា ឈ្មោះ ឡោ លន់ ពិតជាទទួលបានប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីលេខI70129 ចុះថ្ងៃទី22-9-1992 ពិតប្រាកដមែន។  ព្រោះពេលនោះ គាត់នៅជាមន្រ្តីការិយាល័យនិងបានចុះវាស់វែង ជាមួយអាជ្ញាធរភូមិ-ឃុំ ដើម្បីចេញប័ណ្ណជូនដល់ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ទៀតថា ចំពោះបញ្ហាចុះវាស់វែងនេះ ឈ្មោះ ឆេ ស៊ីម ពិតជាមិនបានមកវាស់វែង និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីនេះពិតប្រាកដមែន ។ 

ចំណែកដើមបណ្តឹងឈ្មោះ ឆេ ស៊ីម បើយោងតាមការប្តឹងផ្តល់គ្នាដំបូងនៅសាលាឃុំផ្អាវ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩បានចោទប្រកាន់ដល់មន្រ្តីសូរិយោដីស្រុកបាធាយថា ក្នុងឆ្នាំ១៩៩១រូបគាត់ បានទៅធ្វើប្លង់នៅសាស្រុកផងដែរ ប៉ុន្តែសុរិយោដីស្រុកមិនបានចេញឱ្យរូបគាត់នោះឡើយ ។ 

ពាក់ព័ន្ធបញ្ហានេះ បើយោងតាមកំណត់ហេតុ នៃនីតិវិធីត្រៀមសម្រាប់ទាញហេតុផល របស់តុលាការខេត្តកំពង់ចាម ចុះនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ ដើមបណ្តឹងឈ្មោះ ឆេ ស៊ីម បានលើកឡើងថា នៅក្នុងឆ្នាំ១៩៩៧ឈ្មោះ ឡោ លន់ បានមកសុំដីរបស់គាត់ (គឺដីទំនាស់បច្ចុប្បន្ន) ឱ្យទៅចៅលក់ដូរ ដែលផ្ទុយគ្នាថា លោកយាយឡោលន់ ទទួលបានប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់ប្រើប្រាស់ដីធ្លីតាំងពីឆ្នាំ១៩៩២ ។  

 សូមបញ្ជាក់ថា នេះជាលើកទី៤ហើយ សាលាដំបូងខេត្តកំពង់ចាមបានចេញសាលក្រម ចុះអនុវត្តបំបែកប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លី របស់ឈ្មោះ ឡោ លន់ ទៅដើមបណ្តឹង ឈ្មោះឆេស៊ីម។  ហេីយរឿងនេះបានកេីតឡេីងតាំងពីឆ្នាំ២០០៨ម្ល៉េះ មកទល់បច្ចុប្បន្ន។ លោកយាយយល់ថា លោកយាយកំពុងរងនូវភាពអយុត្តិធម៌ និងសំពះសម្ដេចតេជោជួយលោកយាយផង ព្រោះលោកយាយមានវ័យកាន់តែចាស់ជរា និងពុំមានទ្រព្យធនដូចគេទេ៕