តាមពិតសាកលវិទ្យាល័យ Excelpolitan University នៅខណ្ឌសែនសុខជាទីតាំងលាក់ខ្លួនជនជាតិចិនដ៏ធំ​

ភ្នំពេញ ៖ កម្លាំងនគរបាល នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសង Online ខុសច្បាប់ដែលមានស្លាកយីហោ សាកលវិទ្យាល័យ Excelpolitan University ឃាត់ខ្លួនបានជនជាតិចិន ១០៥នាក់ (ស្រីចំនួន ១០នាក់)។ការចុះបង្ក្រាបនេះ កាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃច័ន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០១៩ បានធ្វើឡើងនៅចំណុច សាកលវិទ្យាល័យ Excelpolitan University អគារកម្ពស់៩ជាន់ នៅតាមបណ្ដោយផ្លូវទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រៅពីជនជាតិចិនប្រុសស្រី ១០៥នាក់ត្រូវឃាត់ខ្លួន កម្លាំងនគរបាលក៏បានដកហូត ម៉ាស៊ីនកុំព្យទ័រលើតុ (DeskTop) ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស ចំនួន ៨០គ្រឿង។

ក្រោយឃាត់ខ្លួន កម្លាំងនគរបាលជំនាញ បាន បញ្ជូនខ្លួនក្រុមជនជាតិចិនទាំងអស់នោះយក ទៅ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ដតាមនីតិវិធី។​ដោយធ្នូជ័យ