ឆ្លងប្រពន្ធ័ភ្លេីង​ ឆាបឆេះកាប៊ិន​ ​រថយន្តកុងតឺន័រ​ ក្លាយជាដែកអេតចាយ​

ភ្នំពេញ៖ រថយន្តកុងតឺន័រ១គ្រឿងខណៈពេលកំពុងបើកបរចេញពីផែស្ងួតសុខៗស្រាប់តែឆ្លងចរន្តភ្លើងបណ្ដាលឲ្យមានការឆាបឆេះឡើងយ៉ាងសន្ធោរសន្ធៅ កាលពីវេលាម៉ោង៤និង១៥នាទីល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិអូដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តខាងលើនោះម៉ាកFUSO ពណ៏ខៀវលាយស​ ពាក់ស្លាកលេខ​ ភ្នំពេញ3B-0157 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះនោះឡើយ ហើយនៅមុនពេលកើតហេតុគេបានឃើញរថយន្តខាងលើបានបើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច។ដោយចេញពីផែស្ងួតស៊ូហាក់ ស្ថិតនៅខាងក្រោយបុរីសែនមនោរម្យភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល ក្នុងបំណងពោះទៅកាន់ខេត្តព្រះសីហនុ។

ប្រភពដដែលបានបន្ត  លុះពេលទៅដល់ត្រង់ចំណុចកើតហេតុស្រាប់តែឆ្លងចរន្តបង្កឲ្យមានអណ្ដាតភ្លើងបានឆាបឆេះកាប៊ីនយ៉ាងសន្ធោរសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ងខ្លាំង ។ពេលនោះប្រជាពលរដ្ឋបាននាំគ្នាយកធុងប៉េត្រូដងទឹកប្រឡាយក្បែរនោះជះពន្លត់ ហើយខ្លះទៀតបានយកបំពង់ពន្លត់អគ្គីភ័យទៅបាញ់ពន្លត់ទើបរលត់ទៅវិញ ប៉ុន្តែរថយន្តនេះបានរងការខូចខាតកាប៊ីនទាំងស្រុងមិនអាចប្រើការបានឡើយ។ប៉ុន្តែជាសំណាងល្អអ្នកបើកបរមិនបានគ្រោះថ្នាក់ទេ ព្រោះបានបើកទ្វាររត់ចេញទាន់ពេលហើយក្រោយពេលកើតហេតុនគរបាលបានប៉ុស្តិ៍ចោមចៅ៣បានឲ្យម្ចាស់នាំយកខ្មោចរថយន្តនេះទៅរក្សាទុកដោយខ្លួនឯង៕