មន្រ្តីជំនាញរកឃើញក្រុមហ៊ុនអំបិលចំនួន២ ក្លែងបន្លំគុណភាពអត់ដាក់សារធាតុ អ៉ីយ៉ូដ

តាកែវ ៖ អំបិលជាច្រើនកញ្ចប់របស់ក្រុមហ៊ុន២ ត្រូវបានមន្រ្តីជំនាញពិនិត្យឃើញថា មានការក្លែងបន្លំគុណភាព ដោយមិនមានដាក់សាធាតុអ៉ីយ៉ូដ ដែលសារធាតុនេះបានផ្ដល់ភាពសំខាន់ណាស់ ដល់ការរីកលូតលាស់ រាង្គកាយបញ្ញាស្មារតីរបស់កុមារ និងមនុស្សគ្រប់វ័យទាំងអស់ ។ 

ថ្លែងនៅពេលចុះត្រួតពិនិត្យមុខទំនិញ ដែលដាក់លក់នៅលើផ្សារតាកែវ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានបញ្ជាក់ថា មន្រ្តីជំនាញកាំកុងត្រូលបានរកឃើញអំបិល ដែលផលិតដោយក្រុមហ៊ុន២ គឺក្រុមហ៊ុន ទា គីមហួរ និងក្រុមហ៊ុន ឡូ ម៉ា មិនមានដាក់សាធាតុអ៉ីយ៉ូដនៅក្នុងអំបិលនោះទេ ។ 

មន្រ្តីជំនាញបានធ្វើការណែនាំ ដល់បងប្អូនអាជីវករដែលមានដាក់លក់អំបិលទាំង២ក្រុមហ៊ុននេះ ត្រូវតែទាក់ទងទៅក្រុមហ៊ុនទាំង២ខាងលើ ឲ្យនាំយកអំបិលដែលមានដាក់សាធាតុអ៉ីយ៉ូដ មកចែកចាយលក់លើទីផ្សារឡើងវិញ កុំនាំយកអំបិលដែលមានក្លែងបន្លំគុណភាពដូចនេះ ។ 

លោកប្រធានសាខាបានបន្តថា ប្រសិនជាចុះពិនិត្យមើលលើកក្រោយ ក្រុមហ៊ុនទាំង២ខាងលើមិនព្រមកែប្រែនោះទេ គឺខាងជំនាញនឹងរឹបអូសអំបិលទាំងអស់ ដែលក្រុមអាជីវករកំពុងដាក់លក់តែម្ដង។ ការដាក់លក់អំបិល ត្រូវតែអំបិលដែលមានសាធាតុអ៉ីយ៉ូដ ព្រោះការប្រើប្រាស់អំបិលដែលគ្មានជាតិអ៉ីយ៉ូដ វានិងធ្វើឲ្យអ្នកបរិភោគមានជំងឺពកករ និងមិនមានការរីកលូតលាស់ ដល់បញ្ញាស្មារតីរបស់មនុស្ស ជាពិសេសរូបរាងកាយរបស់កុមារនោះទេ ៕