ទន្ទ្រានដីរដ្ឋហើយពុះឡូតិ៍លក់ , ឥឡូវក្រសួងបរិស្ថានប្រកាសដល់សាធារណជនកុំទិញ ឬទទួលយកដីឡូតិ៍នេះជាដាច់ខាត

ភ្នំពេញ ៖ ក្រសួងបរិស្ថាន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ បានចេញប្រកាសព័ត៌មានមួយ ពាក់ព័ន្ធនិងករណីមានជនខិលខូចទន្ទ្រានកាន់កាប់ខុសច្បាប់ នូវដីស្ថិតក្នុងតំបន់ការពារធម្មជាតិ ហើយបានយកទៅរៀបចំជាដីឡូតិ៍លក់ ដាក់យីហោដីឡូតិ៍តំបន់អភិវឌ្ឍន៍ ឡុង វុទ្ធី ដែលមានទំហំផ្ទៃដី៤៩.៦០០ម៉ែត្រការ៉េ មានទីតាំងនៅ ក្នុងភូមិភ្នំដំបងឃុំសន្តិភាព ស្រុកសំឡូត ខេត្តបាត់ដំបង ។ 

តាមសេចក្តីប្រកាសព័ត៌មាន ក្រសួងបរិស្ថាននិងរដ្ឋបាលខេត្តបាត់ដំបង កំពុងចាត់វិធានការចំពោះជន រៀបចំដីឡូតិ៍តំបន់អភិវឌ្ឍន៍ឡុងវុទ្ធី និងបានអំពាវនាវដល់សាធារណជន កុំទិញឬទទួលយកដីឡូតិ៍នេះជាដាច់ខាត ព្រោះដីនេះស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ (តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត) ដែលបានកំណត់ដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ។ 

ក្រសួងបរិស្ថានបញ្ជាក់ថា យោងតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដីសាធារណៈរបស់រដ្ឋ គឺមិនអនុញ្ញាតឱ្យកាប់រានទន្ទ្រាន កាន់កាប់លក់ដូរបានឡើយ និងមិនអាចឋិតនៅក្រោមការកាន់កាប់ ដោយលទ្ធកម្មពិសេសនៃភោគៈឡើយ ។ការចាត់ចែងលក់ដូរដីសាធារណៈរបស់រដ្ឋ នៃតំបន់ការពារធម្មជាតិ គឺជាបទល្មើសព្រហ្មទណ្ឌ ដោយអ្នកប្រព្រឹត្តនិងអ្នកជាប់ពាក់ព័ន្ធ ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ និងត្រូវបានចាត់ចូលជាឧក្រិដ្ឋកម្ម ដូចមានចែងក្នុងច្បាប់ស្តីពីការប្រឆាំងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ៕