ធម្មយាត្រាព្រះពុទ្ធសាសនា នឹងដង្ហែឆ្លងកាត់ប្រទេស៥ នៃដងទន្លេមេគង្គ ទៅកាន់ទីសក្ការៈដែលមានអាយុកាលរាប់រយ និងរាប់ពាន់ឆ្នាំ

ភ្នំពេញ ៖ ឯកឧត្ដម ស៊ុផាឆៃ វីរៈភូជុង អគ្គលេខាធិការវិទ្យាស្ថានពោធិខាយ៉ាង វិឆាឡាយ៉ា៩៨០ និងអគ្គនាយស្ថានីយទូរទស្សន៍លេខ៥ បានថ្លែងក្នុងសន្នីសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នារាជធានីភ្នំពេញថា នៅខែតុលាឆ្នាំ២០១៩ខាងមុខនេះ វិទ្យាស្ថានពោធិខាយ៉ាវិតឆាល័យ៩៨០ និងក្រុមសម្ព័ន្ធមិត្តតំបន់ទន្លេមេគង្គ ផ្តុំកំលាំងបើកកំណត់ត្រាប្រវត្តិសាស្ត្រ ដ៏សំខាន់ជាលើកទី២ ដោយបានការរៀបចំគម្រោងធម្មយាត្រាដែនដីទាំង៥ នៃតំបន់ទន្លេមេគង្គ ធ្វើដំណើរនាំព្រះធម៌ បង្កើតមិត្តភាពជាមួយនឹង៥ប្រទេស រួមមានថៃ កម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ា ដែលមានចម្ងាយផ្លូវច្រើនជាង២,០០០គីឡូម៉ែត្រ ដើម្បីរឹតចំណងសម្ព័ន្ធភាពមួយនេះ អោយកាន់តែរឹងមាំ ។

ឯកឧត្ដម ស៊ុផាឆៃ វីរៈភូជុង  បានបញ្ជាក់ថាសំរាប់ដំណើរធម្មយាត្រាដែនដីទាំង៥ នៃតំបន់ទន្លេមេគង្គ ដែលនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី១៤ដល់៣១ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ ដោយចាប់ផ្តើមចេញដំណើរពីវត្តព្រះធាតុផាណ៍ ឆ្ពោះទៅកាន់រដ្ឋឆាន ជាខេត្តមួយដែលមានការគោរពព្រះពុទ្ធសាសនា យ៉ាងជ្រាលជ្រៅមួយ នៃពិភពលោក និងបានផ្សព្វផ្សាយព្រះពុទ្ធសាសនា អស់រយៈពេលជាង១០០០ឆ្នាំកន្លងមក ។

ជាអ្នកផ្តួចផ្តើមព្រឹត្តិការណ៍នេះបាននិយាយថា “យើងនឹងបន្តឆ្ពោះទៅកាន់ទីក្រុងឌៀនបៀនហ្វ ខេត្តឌៀនបៀន ប្រទេសវៀតណាម លើកនេះអាចនិយាយបានថា ជាការប្រឈមទៅនិងការធ្វើដំណើរកាត់តាមជម្រាលភ្នំ ដែលមានចម្ងាយជាង៣០០គីឡូម៉ែត្រ ។បន្ទាប់មកទៅកាន់ខ័ណ្ឌហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជាមជ្ឈមណ្ឌលផ្សព្វផ្សាយព្រះពុទ្ធសាសនា កាលពីអតីតកាលជាង៥០០ឆ្នាំមកហើយ។ បន្ទាប់មកក៏បានត្រលប់ មកកាន់ប្រទេសថៃវិញ នៅវត្តព្រះធាតុភ្លើងធុម ខេត្តសាកុនណាខន ដែលចាត់ទុកថាជាវត្តព្រះធាតុដ៏ចំណាស់បំផុត នៅភាគឥសាន្ដ នៃព្រះរាជាណាចក្រថៃ ដែលមានអាយុកាលជិត២០០០ឆ្នាំមកហើយ និងបន្តចូលទៅវត្តព្រះធាតុ ភ្នំនៅខេត្តណាខនភ្នំ” ។

ឯកឧត្ដមស៊ុផាឆៃវីរៈភូជុង បានឱ្យដឹងទៀតថា ដំណើរទៅកាន់ទិសដៅចុងក្រោយ ដើម្បីប្រារព្ធពិធីបិទគម្រោងធម្មយាត្រាដែនដីទាំង៥នៃតំបន់ទន្លេមេគង្គ ដែលនឹងរៀបចំធ្វើឡើង នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។ “ធម្មយាត្រានៃដែនដីទាំង៥តាមគន្លងធម៌ព្រះអរិយសង្ឃ នៃតំបន់ទន្លេមេគង្គ” មានដូចជាថៃ កម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ា ដើម្បីប្រមូលផ្តុំពុទ្ធសាសនិកជនតំបន់ទន្លេមេង្គ នៃទឹកដីសុវណ្ណភូមិ អោយក្លាយជាធ្លុងមួយ និងតភ្ជាប់សាមគ្គីភាព ស្វែងយល់វប្បធម៌គ្នាទៅវិញទៅមក រួមទាំងផលប្រយោជន៍ លើផ្នែកផ្សេងៗ ទាំងការធ្វើធុរកិច្ច មុខជំនួញ និងទេសចរណ៍ ដែលនាំនូវភាពរីកចម្រើននិងសុខសន្តិភាព នៅលើដែនដីសុវណ្ណភូមិជានិរន្ត ។

សូមបញ្ជាក់ថា សន្និសីទកាសែតព្រឹត្តិការណ៍ធម្មយាត្រាព្រះពុទ្ធសាសនា “ដំណើរធម្មយាត្រាក្នុងដែនដីនៃប្រទេសទាំង៥ តាមដងទន្លេមេគង្គ” ទទួលការគាំទ្រក្រោមវត្តមាន ព្រះសង្ឃ៥អង្គតំណាង សម្តេចព្រះអគ្គមហាព្រះសង្ឃ រាជាធិបតីកិត្តិ ឧទ្ទេសបណ្ឌិត ទេព វង្ស, ឯកឧត្ដម ណាតថាវុធ ពោធិសារ៉ូ អនុប្រធានសមាគមមិត្តភាពថៃ-កម្ពុជា, ឯកឧត្ដម នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាអនុប្រធានសមាគមមិត្តភាពកម្ពុជា-ថៃ, តំណាងក្រសួងធម្មការ និងសាសនា, ឯកឧត្ដម Panyarak Poolthup និងឯកឧត្ដម ខៀវ កាញ្ញារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៕