មិត្តសិល្បៈនិងមហាជន សម្ដែងការសោកស្ដាយខ្លាំង ពេល តារាកំប្លែង នាយ សាន ម៉ៅ ហៅសេដ្ឋី អ៊ូរាន់ បានទទួលមរណៈភាព

ភ្នំពេញ ៖ តារាកំប្លែងជើងចាស់មានឈ្មោះល្បី លើវិថីសិល្បៈ នាយសាន ម៉ៅ ដែលធ្លាប់តែបំពេរអារម្មណ៍បង្កើតជាសំណើចស្ទើរគ្រប់ក្រុមគ្រួសារនោះ ឥឡូវលោកបានទទួលមរណៈភាពហើយ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ នៅមន្ទីរពេទ្យ នាខេត្តអ៊ូប៊ុន ប្រទេសថៃ ។ 

សូមជម្រាបថា តារាកំប្លែងនាយសានម៉ៅ ដែលមានឈ្មោះពិតថា ធូ ចំរ៉ុង បានធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារជំងឺបេះដូងនិងទឹកក្នុងសួតធ្ងន់ធ្ងរ កាលពីអំឡុងខែមីនា ឆ្នាំ២០១៨ ខណៈលោកមានជំងឺប្រចាំកាយផង គឺជំងឺទឹកនោមផ្អែមអស់ពេលជាង១០ឆ្នាំរួចមកហើយ ។

លោកត្រូវបានក្រុមគ្រួសារ និងមិត្តសិល្បៈ ក៏ដូចជាថ្នាក់ដឹកនាំ ជួយទំនុកបម្រុង ជាថវិកានិងការលើកទឹកចិត្ត ក្នុងការសង្រ្គោះព្យាបាល នៅឯមន្ទីរពេទ្យ តាំងពីនៅក្នុងប្រទេស រហូតទៅព្យាបាលនៅប្រទេសថៃ។ តែជាអកុសល លោកបានលាក្រុមក្រុមគ្រួសារ និងលាទស្សនិកជនទាំងអស់ជារៀងរហូតហើយ ៕