សម្ដេចតេជោ ហ៊ុន សែន ទូលថ្វាយនូវក្រដាសប្រាក់រៀលគំរូថ្មី (១៥០០០រៀល) និងកាក់មាសអនុស្សាវរីយ៍ ថ្វាយព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ

ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យ ប្រោសព្រះបរមរាជានុញ្ញាត ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ទូលថ្វាយអំពីរបាយការណ៍ការងារ និងសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន នាព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង នាវេលាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ។

ក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានថ្វាយនូវកាក់មាសអនុស្សាវរីយ៍ និងក្រដាសប្រាក់គំរូថ្មី ទូលថ្វាយព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំឡើង ដើម្បីអបអរសាទរក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យគម្រប់ខួប១៥ព្រះវស្សា ការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពេលខាងមុខនេះ ។

ជាមួយគ្នានេះ សម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះបរមរាជានុញ្ញាត ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ទូលថ្វាយ នូវកាក់មាសអនុស្សាវរីយ៍និងក្រដាសប្រាក់រៀលគំរូថ្មី ថ្វាយសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតផងដែរ ៕