ពលរដ្ឋជាង៤០គ្រួសារ បានតវ៉ាទាមទាយកស្រះទឹករបស់គាត់មកវិញ ខណៈមានបុគ្គលម្នាក់បំពានយក

ភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួនជាង 40គ្រួសារបានផ្ទុះការតវ៉ា នាព្រឹកថ្ងៃទី08 ខែតុលា ឆ្នាំ2019 នៅត្រង់ចំណុចភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ បានតវ៉ាទាមទាយកស្រះទឹក របស់គាត់មកវិញ ដែលត្រូវបានគេរំលោភបិទយកទីតាំងស្រះទឹក ដែលគាត់ប្រើប្រាស់ជាយូរឆ្នាំមកហើយ មិនអាចធ្វើឲ្យគាត់ប្រើប្រាស់ សុំអោយជួយអន្តរាគមន៍ដោះស្រាយ ជូនពួកគាត់ផងដែលត្រូវបានបុរសម្នាក់ ជាមន្ត្រីនៅសាលាខណ្ឌព្រែកព្នៅ បានរំលោភយកស្រះទឹក របស់ប្រជាពលរដ្ឋ ដែលប្រើរួមគ្នាមួយភូមិ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ។ 

អ្នកស្រី តុង វាទ អាយុ 45 ឆ្នាំតំណាងអោយអ្នកភូមិស្រែដូនតូចបានរៀបរាប់ប្រាប់ឲ្យដឹងថា កាលពីដើមឡើយ អ្នកភូមិរស់នៅក្នុងភូមិស្រែដូនតូច ចំនួនជាង40គ្រួសារ គឺនាំគ្នាប្រើប្រាស់ពឹងផ្អែកទៅលើស្រះទឹកខាងលើនេះ ជាដីទំនាបដក់ទឹក ហើយត្រូវបានប្រជាពលរដ្ឋ យកមកប្រើប្រាស់តែមិនបានគ្រប់គ្រាន់ ទើបពួកគាត់ ក៏បានស្នើសុំទៅអង្គការមួយ មកជួយដោះស្រាយនូវបញ្ហាកង្វះខាតទឹក របស់គាត់ដោយមិនបានចាំឈ្មោះអង្គការ ដែលជួយឧបត្ថម្ភជាលុយកាក់មកដល់អ្នកស្រីឲ្យជីកស្រះនេះ ដើម្បីយកទឹកមកប្រើប្រាស់ជារួម របស់ប្រជាពលរដ្ឋមួយភូមិ នៅក្នុងភូមិស្រែដូនតូចនេះ ដោយបានសុំការអនុញ្ញាត ពីសាលាសង្កាត់ពញ្ញាពន់ បានជីកស្រះបណ្តោយទំហ៊ុំ សែសិបម៉ែត្រគុណទទឹងសាមសិបម៉ែត្រ (40Mx30M) ព្រមទាំងបានសរសេរដាក់ស្លាកឈ្មោះអង្គការដែលជាអ្នកជួយនឹងបង្គោលសុីម៉ង់ត៍ កាលនៅទីកន្លែងនេះ ស្ថិតនៅស្រុកពញ្ញាឮ ខេត្តកណ្តាលមកម្ល៉េះ ។

អ្នកស្រី តុង វាទបានបន្តប្រាប់អោយដឹងទៀតថា រហូតមកដល់ឆ្នាំ2015 ប្រមុខរាជរដ្ឋាភិបាលបានកាត់ស្រុកពញាឮ ខេត្តកណ្តាលទៅជាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញវិញ លុះមកដល់ឆ្នាំ2016ស្រាប់តែលេចមុខបុរសម្នាក់ឈ្មោះស្រស់ ពិសិដ្ឋ ជាមន្ត្រីការិយាល័យអន្តរវិស័យ នៅខណ្ឌព្រែកព្នៅ ដែលមានអាយុជាង 30 ឆ្នាំ មកចាប់យកដីទីកន្លែង នេះធ្វើជាកម្មសិទ្ធិរបស់ខ្លួន ហើយបានចាក់ដីលុបស្រះពាក់កណ្តាល នៅសល់ស្រះទឹកពាក់កណ្តាលទៀត ដាក់ត្រីចិញ្ចឹម ដោយព័ទ្ធរបងថ្ម ដាក់លួសបន្លាជុំវិញស្រះទឹក ថែមទាំងបិទមិនឲ្យប្រជាពលរដ្ឋ នៅក្នុងភូមិនេះ ចូលទៅដួសទឹកយកមកប្រើប្រាស់អាស្រ័យផល នៅក្នុងភូមិបានទៀតផង ធ្វើអោយពួកគាត់ជួបប្រទះកង្វះខាតទឹកយ៉ាងខ្លាំង ចំណែកដីផ្លូវចូលជាប់នឹងផ្លូវថ្នល់វិញបានសង់ផ្ទះតែម្តង។ ហើយប្រជាពលរដ្ឋរស់នៅក្នុងភូមិក៏នាំគ្នាទៅដាក់ពាក្យបណ្តឹងនៅសាលាសង្កាត់ពញ្ញាឭរួចហើយ តែលោកចៅសង្កាត់នៅតែមិនអាច ជួយដោះស្រាយនូវបញ្ហារំលោភយកដីស្រះទឹកមួយនេះបាន។

ជុំវិញករណីខាងលើនេះភ្នាក់ងារសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីខាង លោកស្រស់ ពិសិដ្ឋបានទេ ព្រោះពុំមានអ្វីទាក់ទងលោកបាន ដោយឡែកលោកចៅសង្កាត់ពញ្ញាពន់វិញ ខាងភ្នាក់ងារសារព័ត៌មានយើង បានទូរស័ព្ទទៅសុំកាបំភ្លឺពីលោកចៅសង្កាត់ តែលោកបានប្រាប់ថា លោកកំពុងនៅជាប់រវល់ប្រជុំ នៅឯសាលាខណ្ឌព្រែកព្នៅ ក៏ប៉ុន្តែលោកបានបញ្ជាក់ប្រាប់ថា រឿងនេះលោកនឹងជួយដោះស្រាយជូនប្រជាពលរដ្ឋនៅពេលក្រោយ៕ ដោយ ៖ ប៉ូច គឹមសុខ