យុវតីម្នាក់ជិះទូកលេងជាមួយបុរស២នាក់ លិចទូកលង់ស្លាប់អក្រាតកាយ ផ្អើលក្រុមគ្រួសារស្មានតែករណីផ្សេង

ភ្នំពេញ ៖ យុវតីម្នាក់បានលង់ទឹកស្លាប់ និងយុវជន២នាក់ទៀត បានហែលរួចបានទៅប្រាប់គេឯង បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៤និង៤០នាទីល្ងាច ថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចក្នុងបឹងកន្លែងដាក់បែលត្រី ក្នុងភូមិតាគរ សង្កាត់ សំរោងកណ្តាល ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ពេជ្រ លាងហេង  ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ 

ប្រភពបានឲ្យដឹងថា ដំបូងឡើយគេឃើញមានមនុស្សប្រុស២នាក់ និងស្រីម្នាក់ ( យុវតីរងគ្រោះ ) បាននាំគ្នាជិះទូក លេង តាមទឹកបឹងខាងលើ បានមួយសន្ទុះ ក៏ឃើញមនុស្សប្រុស២នាក់ ដែលជិះទូកជាមួយ បានហែលទឹកមកដល់គោកវិញ ប្រាប់ថាលិចទូក តែមិនឃើញនារីរងគ្រោះ ហែលមកវិញទេ ។ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ រាវរកយុវតីរងគ្រោះ រហូតដល់ម៉ោង៥ជាងល្ងាច ទើបឃើញសាកសពទាំងអាក្រាតកាយ ផ្នែកខាងក្រោម ។ 

ប្រភពបន្តថា ដោយមានការសង្ស័យក្នុងចិត្ត ព្រោះក្រុមគ្រួសារអះអាងថា នាងចេះហែលទឹកហេតុអីក៏លង់ទឹក ហើយអក្រាតកាយទៀត ទើបស្នើសុំសមត្ថកិច្ចជួយពិនិត្យ ក្រែងជារំលោភសម្លាប់ តែដោយរង់ចាំសមត្ថកិច្ចជំនាញមិនឃើញមកយូរពេក ក៏នាំគ្នាយកទៅមណ្ឌសុខភាពឬស្សីកែវដើម្បីឲ្យលោកគ្រូអ្នកគ្រូពេទ្យពិនិត្យមើល ។ 

ក្រោយមកខាងមន្ទីរពេទ្យបានប្រាប់ថា នារីរងគ្រោះបាត់បង់ជីវិតដោយសារលង់ទឹក ទោះជាយ៉ាងណាខាងសមត្ថកិច្ចនៅបន្តស្រាវជ្រាវបន្ថែមទៀត ចំណែក សាកសពត្រូបានក្រុមគ្រួសារយកទៅតម្កល់នៅវត្តទួលអស់លោក ធ្វើបុណ្យតាមប្រពៃណី ៕ដោយ ៖ ធ្នូជ័យ