ប្ដីស្លាប់រីឯកូនរងរបួសធ្ងន់ខណៈជិះឡានក្រុង ក្រុមហ៊ុនរិទ្ធិមុនី ជួបគ្រោះថ្នាក់ចរាចរ , ក្រុមហ៊ុនសង១ពាន់ដុល្លារ

បាត់ដំបង ៖ ស្រ្តីឈ្មោះ រិន ធុច អាយុ៤៧ រស់នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បានរៀបរាប់ប្រាប់អ្នកសារព័ត៌មាននាព្រឹកថ្ងៃទី៩ខែតុលា ឆ្នាំ២០១៩ ជាមួយសំឡេងក្ដុកក្ដួលនិងទឹកភ្នែកថា ប្ដីរបស់គាត់បានបាត់បង់ជីវិត រីឯកូនប្រុសរងរបួសធ្ងន់ ខណៈកំពុងធ្វើដំណើរលើរថយន្តក្រុង ក្រុមហ៊ុនរិទ្ធិមុនី ។ 

ក្រុមហ៊ុនរិទ្ធិមុនី បានចាត់តំណាងក្រុមហ៊ុនធានារ៉ាប់រង មកជួបគាត់នៅថ្ងៃទី៧ តុលា ដោយសុំសងប្រាក់ចំនួន១ពាន់ដុល្លារ ថ្លៃប្ដីស្លាប់និងកូនរបួសនេះ ។ តែគាត់យល់ថា សំណង១ពាន់ដុល្លារនេះ ហាក់បីដូចជាមើលងាយក្រុមគ្រួសារគាត់និងអាយុជីវិតពេក ។ គាត់ថាគ្រាន់តែថ្លៃសង្គ្រោះ និងដឹកសពមកស្រុកកំណើត និងថ្លៃព្យាបាលកូន មិនគ្រប់ផង ចុះនៅធ្វើបុណ្យទៀត ។ រហូតមកទល់ពេលនេះគាត់នៅជំពាក់ថ្លៃគ្រូពេទ្យ ដែលព្យាបាលកូនគាត់នៅឡើយ ។ 

ប្ដីរបស់គាត់មានឈ្មោះ ឈួម រី អាយុ៤៦ ឆ្នាំបានបាត់បង់ជីវិតនៅមន្ទីរពេទ្យកាល់ម៉ែត ក្រោយការសង្គ្រោះរបស់ក្រុមគ្រូពេទ្យអស់ពីលទ្ធភាព នៅថ្ងៃទី២៥ ខែកញ្ញា និងកូនប្រុសអាយុ២២ឆ្នាំរងរបួសធ្ងន់សម្រាកនៅមន្ទីរពេទ្យខេត្ត តែឥឡូវមកសម្រាកនៅផ្ទះ ព្រោះទប់ទល់ថ្លៃសេវាព្យាបាលមិនបាន ។ 

សូមរំលឹកថា ប្ដីនិងកូនរបស់គាត់ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ បានធ្វើដំណើរក្នុងរថយន្តក្រុមហ៊ុនរិទ្ធិមុនី ពីភ្នំពេញសំដៅមកបាត់ដំបង ដោយអង្គុយនៅកាប៊ីនខាងមុខ ។ លុះមកដល់ចំណុច កំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិពោធិ៍មង្គល ឃុំព្រែកតាទែនស្រុកពញ្ញាឮ ខេត្តកណ្តាល វេលាម៉ោង៩និង៣០នាទីព្រឹក ក៏ជួបគ្រោះថ្នាក់ចរាចរ បណ្ដាលឱ្យប្ដីរបស់គាត់និងកូនគៀបទៅនឹងកាប៊ីនតែម្ដង ។ 

លោកស្រីសុំសំណងចំនួន១ម៉ឺនដុល្លារ ឬក្នុងចំនួនដ៏សមរម្យណាមួយ ដើម្បីសល់ខ្លះគ្រាន់ទុកព្យាបាលកូន និងលើកដៃសំពះថ្នាក់ដឹកនាំនិងជំនាញពាក់ព័ន្ធជួយគាត់ផង ៕