សម្ដេចតេជោ ហ៊ុន សែន ឆ្លើយតបនឹងអ្នកចោទប្រកាន់សម្ដេចជាអាយ៉ងវៀតណាម

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវដំណោះស្រាយ និងកិច្ចខិតខំប្រឹងប្រែងជាច្រើន ក្រោមការដឹកនាំនិងការសម្រេចចិត្តរបស់សម្ដេច ដែលអាចធ្វើឱ្យកម្ពុុជាបានឆ្លងផុតពីការលំបាកបំផុតរហូតកើតមានសមិទ្ធិលផលជាច្រើន និងសេរីភាពមកទល់ពេលនេះ ។

ជាពិសេសការបញ្ចប់របបខ្មែរក្រហម ជាមួយនឹងវត្តមានរបស់កងទ័ពវៀតណាម គឺមានន័យថា វត្តមានកងទ័ពវៀតណាម គឺជាការចូលរួមបញ្ចប់របបខ្មែរក្រហម ហើយវៀតណាមមិនដែលប្រដៅកម្ពុជា ត្រូវតែធ្វើបែបនេះឬត្រូវតែធ្វើបែបនោះទើបព្រមជួយ ដូចបរទេសមួយចំនួននោះទេ ។

សម្តេចបានរំលឹកថា ថ្វីត្បិតវត្តមានកងទ័ពវៀតណាមដែលមានវត្តមានលើទឹកដីកម្ពុជានាពេលអតីតកាលនោះ វៀតណាម បានផ្ដល់នូវសិទ្ធិគ្រប់គ្រាន់ជូនថ្នាក់ដឹកនាំកម្ពុជា ដើម្បីគ្រប់គ្រងរដ្ឋរបស់ខ្លួន ។ វត្តមានកងទ័ពវៀតណាមនាពេលនោះ មិនមែនជាឧបសគ្គ ក្នុងការកែទម្រង់ទាំងសិទ្ធិនយោបាយ និងសេដ្ឋកិច្ចនោះឡើយ ។ 

កម្ពុជាបានឆ្លងផុតស្ថានភាពដ៏លំបាក រហូតមានសមិទ្ធិផល និងសេរីភាពដូចសព្វថ្ងៃនេះ ដូច្នេះយើងត្រូវការពារនិងចូលរួមថែរក្សាសមិទ្ធិផលទាំងនេះឱ្យបាន ដើម្បីអនាគតកម្ពុជា ក៏ដូចជាអនាគតកូនចៅជំនាន់ក្រោយ ។ 

សូមជម្រាបថា ប្រសាសន៍សម្ដេចបានលើកឡើងបែបនេះ ក្នុងឱកាស សម្ដេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ (១០ តុលា ១៩៧៩-១០ តុលា២០១៩ ) ធ្វើឡើងនៅ សាលសន្និសីទចតុមុខ ។ធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើងវិញ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំ នៅថ្ងៃទី ៧ មករា ១៩៧៩។ ធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើងវិញពីចំណុចសូន្យ ដែលបានឆ្លងកាត់នូវដំណាក់កាលអភិវឌ្ឍន៍ជាច្រើនដោយជោគជ័យ ហើយមកទល់បច្ចុប្បន្ន ៕