២ករណីផ្សេងគ្នា, ជិះម៉ូតូលឿន ជ្រុលបុករថយន្តពីក្រោយ ស្លាប់២នាក់

ភ្នំពេញ ៖ បុរស២នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់២ករណីផ្សេងគ្នា ដោយសារជិះម៉ូតូក្នុងល្បឿនលឿន  ជ្រុលបុករថយន្តធន់ធំពីក្រោយ បង្កការភ្ញាក់ផ្អើល ករណីទី១ នៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ លើផ្លូវ២៧១កែងនិងផ្លូវ៣៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងករណីទី២ កើតឡើងនៅវេលាម៉ោង២និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១១ ស្ថិតលើផ្លូវជាតិលេខ១ ក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ 

ជនរងគ្រោះក្នុងករណីទី១ មានឈ្មោះ គឹម សីហា     ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតស្រុកចំការលើខេត្តកំពង់ចាម និងបុរសម្នាក់ទៀតជិះពីក្រោយ រងរបួសស្រាល ។ ពួកគេជិះម៉ូតូ ម៉ាកនិចពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1CU-4351 រីឯរថយន្តជាប្រភេទ រថយន្តកុងតឺន័រ ក្បាលពណ៌លឿង ពាក់ស្លាកលេខ ព្រះស៊ីហនុ4A-2349 បើកបរដោយឈ្មោះ ភាព រ៉ាវី  ភេទប្រុស អាយុ២៣ឆ្នាំ សមត្ថកិច្ចឃាត់ខ្លួន ។ 

ប្រភពឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសពីរនាក់ជិះម៉ូតូ តាមបណ្ដោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង ល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុករថយន្តកុងតឺន័រ ដែលកំពុងឈប់ស្តុប បណ្ដាលឲ្យបោកក្បាលស្លាប់តែម្ដង និងម្នាក់ទៀតរបួសស្រាល ។ 

ករណីទី២ បុរសរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ជិះម៉ូតូម៉ាកហុងដាបុិច ពណ៌ស ខៀវពាក់ស្លាកលេខកណ្តាល1AB-3870 រីឯរថយន្ត ជារថយន្តដឹកមេសុីម៉ងត៍ ក្បាលពណ៌បៃតង ពាក់ស្លាកលេខ ព្រះសីហនុ3A-2568 ។

ប្រភពបានឲ្យដឹងថាមុន ពេលកើតហេតុគេឃើញ បុរសម្នាក់ជិះម៉ូតូ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត បើកយ៉ាងលឿន  ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលមកបុករថយន្តដឹកមេសុីម៉ងត៍ ដែលកំពុងឈប់ចត នៅលើចិញ្ចើមផ្លូវ មិនមានដាក់ភ្លើងសញ្ញា ពីក្រោយបណ្ដាលឲ្យបោកក្បាលស្លាប់តែម្ដង។ តៃកុងរថយន្តបានរត់បាត់ស្រមោល ។ 

ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែងយកយានយន្ត ទាំង២ករណី ទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លវច្បាប់ ៕  ដោយ ៖ ធ្នូជ័យ