យុវជនម្នាក់សង្ស័យបែកថ្នាំ ដុតផ្ទះយាយខ្លួនឯង

ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យមួយបានកើតឡើង បង្កដោយយុវជនម្នាក់សង្ស័យបែកថ្នាំ បានយកប្រេងកាតដុតផ្ទះយាយខ្លួនឯងបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២ និង២០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចមុខភោគនីដ្ឋានថ្មដា ផ្ទះល្វែងជាន់ទី២ ផ្លូវ១០៧ (ផ្លូវសុខហុក) កែងនិងផ្លូវកម្ពុជាក្រោម សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ 

បើតាមសម្ដីលោកយាយរបស់ជនបង្កខាងប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ គាត់ឃើញចៅប្រុសរបស់គាត់ មានឈ្មោះ ផុត យូណាម អាយុ២៧ឆ្នាំ មុខរបរសន្តិសុខឯកជន រស់នៅជាមួយគាត់ មានអាការៈដូចជាបែកថ្នាំ ព្រោះចៅរបស់គាត់ ធ្លាប់ប្រើប្រាស់សារធាតុញៀនជាប្រចាំ ។ចៅគាត់បានប្រមូលខោអាវ ព្រមទាំងសម្ភារៈក្នុងផ្ទះមួយចំនួន រួចចាក់ប្រេងកាតដុត បណ្ដាលឲ្យឆាបឆេះតែម្ដង ។ 

គ្រោះអគ្គីភ័យមិនបង្កជាទ្រង់ទ្រាយធំនោះទេ ដោយសារកើតហេតុភ្លាមៗ  មានអ្នកក្បែរខាងយកទឹកជួយពន្លត់ និងមានសមត្ថកិច្ចអន្តរាគមន៍ប្រើឡានទឹក បាញ់ពន្លត់ជាច្រើនគ្រឿង ដោយប្រើពេលជាង១ម៉ោង ទើបរលត់ទៅវិញ ។ ករណីនេះខូចខាតសម្ភារៈក្នុងផ្ទះមួយចំនួន និងមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ  ។ ចំពោះយុវជនសង្ស័យបែកថ្នាំខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន យកទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល មនោរម្យ ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធី ៕ដោយ ៖ ធ្នូជ័យ