សម្ដេចតេជោ ហ៊ុន សែន ៖ អ្នកកាន់សាសនា៣ធំៗនៅកម្ពុជា អាចរស់នៅជាមួយគ្នាបានដោយសុខដុម និងមិនមានជម្លោះសាសនានោះទេ

ភ្នំពេញ ៖ សម្តចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាសាសនាធំៗនៅកម្ពុជាមាន៣ធំៗរួមមាន ៖ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ , មានឥស្លាមសាសនា និងគ្រីស្ទសាសនា។ ហើយសាសនាទាំងអស់ អាចរស់នៅជាមួយគ្នាបានដោយមិនមានជម្លោះសាសនានោះទេ ហើយរាជរដ្ឋាភិបាល តែងតែផ្តល់ឱកាស និងគាំទ្រចំពោះសាសនាទាំងអស់នោះ ដោយមិនមានការបំបិទសិទ្ធអ្នកកាន់សាសនាអ្វីឡើយ ។ 

នេះជាលើកទី៤ ហើយដែលសម្តេចតេជោ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងបងប្អូនគ្រីស្ទបរិស័ទ ដើម្បីសុខដុមនីយកម្មវិស័យគ្រីស្ទសាសនា នៅក្នុងប្រទេសកម្ពុជា។  ទំនាក់ទំនងរដ្ឋ និងសាសនាពិតជាបានបំពេញអោយគ្នាទៅវិញទៅមក ហើយនៅលើលោកនេះ គ្មានសាសនាណាដែលប្រដៅមនុស្សអោយធ្វើអំពើអាក្រក់នោះទេ​ ។

កម្ពុជាពិជាមានមោទកភាព ចំពោះសាសនាទាំងអស់ ដែលបានរស់នៅមិនមានជម្លោះនឹងគ្នា ហើយក៏មិនមានការវាយប្រហារខាងណានោះទេ។ សម្រាប់ប្រទេសកម្ពុជា បងប្អូនជឿទៅលើសាសនាមួយណា គឺជាសិទ្ធសេរីភាពរបស់បងប្អូន។ សាសនាទាំងអស់នៅក្នុងប្រទេសកម្ពុជា បានរស់ឡើងវិញ ក្រោយពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំ។  

សម្តេចតេជោក៏បានថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកកាន់គ្រីស្ថសាសនាទាំងអស់ ក្នុងប្រទេសកម្ពុជា ដែលតែងតែចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការអភិវឌ្ឍប្រទេសជាតិ និងចូលរួមថែរក្សាសុខសន្តិភាព ជាពិសេសកន្លងមកនេះ បានចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ 

តាមការអោយដឹងពី ឯកឧត្តម ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរដែលបានជឿលើគ្រីស្ទសាសនាមានចំនួនសរុប ១១៤,៤០២នាក់។​ គ្រីស្ទសាសនា ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយពង្រឹងនិងអប់រំសីលធម៌ ចរិយាធម៌សង្គម និងចូលរួមយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមកម្ពុជា ឱ្យមានសុខសន្តិភាព ស្ថិរភាពរស់នៅប្រកបដោយភាពថ្លៃថ្នូរ និងសុខដុមរមនាជាមួយគ្នា វៀរចាកផុតពីការរើសអើង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការជំនឿសាសនា អំពើប្រទូសរ៉ាយ អំពើហឹង្សាផ្សេងៗ ទាំងនៅក្នុងគ្រួសារ សហគមន៍ ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូល។

សូមជម្រាបថា នៅល្ងាចថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយក្នុងពិធិសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយប្រជាពលរដ្ឋខ្មែរ ជាគ្រីស្ទបរិស័ទសរុបជាង ៣,០០០នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ​ រាជធានីភ្នំពេញ ៕