រោងចក្រផលិតស្រាបៀរ GANZBERG បង្ហូរទឹកស្អុយរំខានពលរដ្ឋរាប់រយគ្រួសារ , អាជ្ញាធរចុះព្រមាន

ភ្នំពេញ ៖ ក្រោយពីមានការប្រតិកម្មរបស់ប្រជាពលរដ្ឋ រាប់រយគ្រួសារ និងប្តឹងអាជ្ញាធរ ថារោងចក្រផលិត ស្រាបៀរ GANZBERG បានបង្ហូរទឹកស្អុយ ដែលមានក្លិនអសោចន៍ចូលក្នុងប្រព័ន្ធលូ ហើយបានចេញទៅទីទំនាបនានា នៅជុំវិញតំបន់នោះ បង្កការប៉ះពាល់ដល់ការរស់នៅ និងបរិស្ថានធ្ងន់ធ្ងរ ។ 

នៅរសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៩ អាជ្ញាធរខណ្ឌឬស្សីកែវ ដែលដឹកនាំ ដោយ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឬស្សីកែវបានដឹកនាំ មន្រ្តីជំនាញចុះទៅ ត្រួតពិនិត្យ និង បានធ្វើការណែនាំ ដល់ម្ចាស់ ក្រុមហ៊ុន បញ្ឍប់ការបង្ហូរទឹកស្អុយចេញ និងណែនាំបូមទឹកស្អុយ ព្រមទាំងលុបស្រះទឹកស្អុយដែលបង្កការប៉ះពាល់ដល់អ្នកភូមិចេញវិញ ។ តំណាងរោងចក្រ បានអះអាងថា នឹងអនុវត្តតាមអាជ្ញាធរ ។ 

ប្រជាពលរដ្ឋ បានអោយដឹងថា ទឹកស្អុយនោះក្លិនអសោចន៍ស្អុយខ្លាំងណាស់ នៅពេលបាយម្តងហូបមិនចង់ចូលទេ ។ម្យ៉ាងទៀត ទឹកស្អុយនោះ ប្រហែលមានសារធាតុគីមីខ្លាំង នៅពេលហូរចូលក្នុងស្រះក្បែរផ្ទះរបស់គាត់បានធ្វើអោយកូនឈើ និងកំប្លោកក្រៀមងាប់អស់ ។ 

ទីតាំងរោងចក្រផលិត ស្រាបៀរ GANZBERG ដែលបង្កការប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ស្ថិតនៅក្រោយសាលាសង្កាត់គីឡូម៉ែត្រលេខ៦ ក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ដែលមានផ្ទៃដីប្រមាណជាង១០ហិតតា។ កន្លងមករោងចក្រមួយនេះ ក៏ធ្លាប់ឆាបឆេះសម្ភារៈផ្អើលដល់ពលរដ្ឋនិងសមត្ថកិច្ចផងដែរ ៕