អ្នកសិល្បៈម្នាក់ ធ្លាក់ខ្លួនដល់ថ្នាក់រកលុយបង់ថ្លៃផ្ទះជួលមិនបាន ដង្ហើយស្រែកយំតាមហ្វេសបុកឱ្យជួយផង

ភ្នំពេញ ៖ អ្នកសិល្បៈម្នាក់ បានធ្លាក់ខ្លួនដល់ថ្នាក់រកលុយបង់ថ្លៃផ្ទះជួលមិនបាន ត្រូវម្ចាស់ផ្ទះគេចាក់សោរលេងឱ្យចូល ទើបដាច់ចិត្តយំស្រែករៀបរាប់ការលំបាករបស់ខ្លួន នៅលើបណ្ដាញសង្គមហ្វេសបុក កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ម្សិលម៉ិញ តែត្រូវបានលោក អ៉ឹម ជីវ៉ា ស្វែងរកសប្បុរសជនជួយគាត់បាន ចំនួន២០០ដុល្លារ ។ 

លោក អ៉ឹម ជីវ៉ា បានឱ្យដឹងនៅថ្ងៃទី១៥នេះថា « អ្នកមីង ផល្លារ គឺជាតារាសម្តែងជើងចាស់ ដែលទទួលបានការគាំទ្រពីទូរទស្សនិកជន ដោយអ្នកស្រី តែងតែថតខ្សែភាពយន្តជាច្រើនរឿងរាប់មិនអស់ ដោយដើតួជាម្តាយ មេដោះ អ្នកបំរើ យាយ អក.ល។  អ្នកមីងផល្លារតែងតែដើរថតកុនឱ្យគេ បានមួយថ្ងៃ រស់មួយថ្ងៃ ពេលខ្លះមានផលិតកម្មខ្លះ មិនបើកលុយអោយអ្នកមីងផង  តែមីងផល្លារមិនហ៊ានទារទេ ខ្លាចគេលែងហៅថត សុខចិត្តដើរខ្ចីនិងសុំពីមិត្តសិល្បៈពេលទៅថតម្តងៗ ។ 

អ្នកមីងផល្លាររាល់ថ្ងៃជួលបន្ទប់គេនៅជាមួយកូននៅម្តុំផ្សារកណ្តាលជាន់ទី៣ ដោយអ្នកស្រីមានជីវភាពក្រីក្រខ្វះខាត និងមានជំងឺរហូតកាលពីម្សិលមិញអ្នកស្រីមកដល់ផ្ទះខ្ញុំបាទ ហើយស្រែកយំរៀបរាប់ទាំងទឹកភ្នែក ដោយអោយជួយផ្សព្វផ្សាយនិងជួយដល់គាត់ផង » ។ លោក អ៉ឹម ជីវ៉ា បានប្រគល់ថវិការបស់សប្បុរសជនម្នាក់ ជូនចំនួន២០០ដុល្លារ ទុកគ្រាន់ដោះស្រាយបញ្ហាបានមួយគ្រា ៕