ក្រុមហ៊ុនលក់ដីឡូតិ៍មួយកន្លែង ផ្សាយភូតពេក ត្រូវសមត្ថកិច្ចកោះហៅមកព្រមាន

សៀមរាប ៖ កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយតាម     បណ្តាញសង្គម ហ្វេសបុក របស់ក្រុមហ៊ុនដីឡូតិ៍រាជសីក្រុងអង្គររៀលអ៊ីស្ទេត ពីគម្រោងលក់ដីឡូតិ៍ដែលមាន ទីតាំងក្នុងភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ដោយបានបញ្ជាក់ថា ដីឡូតិ៍ទាំងនោះស្ថិតនៅក្បែរសួនសត្វបាតសមុទ្រសិប្បនិមិ្មត កាស៊ីណូចិនម៉ាកាវ និងព្រលានយន្តហោះទេសចរណ៍ទី២ បន្ទាប់ពីក្រុងអង្គរជាដើម  ។

ដោយឃើញពីការផ្សព្វផ្សាយខុសពីការពិតបែបនេះហើយ ទើប នៅព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ហួតសុធី ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនការងារសន្តិសុខ បានកោះអញ្ជើញ តំណាងក្រុមហ៊ុនដីឡូតិ៍រាជសីក្រុងអង្គររៀលអ៊ីស្ទេត មកជួបពិភាក្សា និងធ្វើកិច្ចសន្យា បញ្ឈប់ចែករំលែកព័ត៌មានមិនពិតនេះបន្តទៀត ជៀសវាងការមានទោស និងបង្កភាពអសន្តិសុខក្នុងសង្គម ។

លោកឧត្តមសេនីយ៍ត្រី ហួត សុធី មានប្រសាសន៍ថា ការផ្សព្វផ្សាយតាមបណ្តាញសង្គម ហ្វេសបុក របស់ក្រុមហ៊ុនដីឡូតិ៍រាជសីក្រុងអង្គររៀលអ៊ីស្ទេត ពីគម្រោងលក់ដីឡូតិ៍ ដោយបានបញ្ជាក់ថា ដីឡូតិ៍ទាំងនោះស្ថិតនៅក្បែរសួនសត្វបាតសមុទ្រសិប្បនិមិ្មត កាស៊ីណូចិនម៉ាកាវ និងព្រលានយន្តហោះទេសចរណ៍ទី២ បន្ទាប់ពីក្រុងអង្គរនោះ គឺព័ត៌មានទាំងនេះ មិនពិតនោះទេ ហើយក្រុមហ៊ុនខាងលើត្រូវតែបញ្ឈប់សកម្មភាពផ្សព្វផ្សាយព័ត៌មានមិនពិតនេះបន្តទៀត ព្រោះអាចប្រឈមនឹងការជាប់ទោសព្រហ្មទណ្ឌផងដែរ ។

លោក ហើន ផានី ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនរាជសីក្រុងអង្គររៀលអ៊ីស្ទេត ក៏បានទទួលស្គាល់នូវកំហុស និងសុំទោសដល់ធារណៈជន ចំពោះកំហុសរបស់បុគ្គលិកដែលភាន់ច្រលំ ផ្សព្វផ្សាយព័ត៌មានខុសពីការពិត លើគម្រោងដីឡូតិ៍ខាងលើ ។

គួររំលឹកផងដែរថា កន្លងមករដ្ឋបាលខេត្តសៀមរាប ក៏ធ្លាប់បានជូនដំណឹងក្នុងផេករបស់រដ្ឋបាលខេត្ត ដោយបញ្ជាក់រួចហើយថា គ្មានការអនុញ្ញាតច្បាប់បើកការស៊ីណូនៅខេត្តសៀមរាបនោះឡើយ និងអំពាវនាវដល់សាធារណៈជនកុំឱ្យមានការភាន់ច្រឡំ និងចាញ់បោកជូនខិលខូចមួយចំនួនបន្តទៀត ៕ ( ប្រភពដកស្រង់ពីមន្ទីរព័ត៌មានខេត្តសៀមរាប និងកែសម្រួលដោយ BBN )