ដែនជម្រកសត្វព្រៃ «ព្រៃឡង់» និងដែនជម្រកសត្វព្រៃភ្នំណាមលៀរ នឹងក្លាយជាកន្លែងផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ

ភ្នំពេញ ៖ មន្ត្រីជំនាញ នៃនាយកដ្ឋានទេសចរណ៍ធម្មជាតិ របស់ក្រសួងបរិស្ថាន នៅរសៀលថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩ បានជួបប្រជុំជាមួយក្រុមការងាររបស់អង្គការ Community Empowerment and Development Team (CEDT) និងក្រុមអេកូយុវទូតដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងការផ្តល់ជំនួយបច្ចេកទេស ដើម្បីគាំទ្រដល់សហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍នានា ក្នុងការរៀបចំផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ភូមិសាស្ត្រខេត្តក្រចេះ និងកំពង់ធំ និងដែនជម្រកសត្វព្រៃភ្នំណាមលៀរ ខេត្តមណ្ឌលគិរី។ 

កិច្ចប្រជុំ បានផ្តោតលើការពិនិត្យអំពីសក្តានុពលទេសចរណ៍ធម្មជាតិ ក្នុងតំបន់ការធម្មជាតិទាំងពីរ នីតិវិធីក្នុងការរៀបចំសហគមន៍ទេសចរណ៍ ការពង្រឹងសមត្ថភាពសហគមន៍ ការរៀបចំសេវាកម្មទេសចរណ៍ធម្មជាតិកម្រិតសហគមន៍ ការរៀបចំផែនការរួមគ្នា និងការកៀរគរធនធាន ក្នុងការគាំទ្រដល់សហគមន៍មូលដ្ឋាន ការកាត់បន្ថយការដាក់សម្ពាធលើធនធានធម្មជាតិ ជម្រើសមុខរបរ និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តភាព ៕