ឯកឧត្ដមបណ្ឌិត សុខ ទូច រកឃើញថា ការកាប់បំផ្លាញឈើប្រណីតនៅតែបន្តកើតមាន ក្នុងតំបន់ឧទ្យានតេជោសែនឫស្សីត្រឹប

ព្រះវិហារ ៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យ សភាកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ បានបង្ហាញរូបភាពជាច្រើនសន្លឹក ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋកាប់បំផ្លាញព្រៃឈើ បានលួចចូលមកកាប់ដើមឈើថ្មីៗ នៅក្នុងតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ខេត្តព្រះវិហារ ។ 

ជាមួយនឹងរូបជាច្រើនសន្លឹក ស្ដីពីការលួចកាប់ឈើ ឯកឧត្ដមក៏បានបញ្ជាក់ថា « ការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើ បានអនុវត្តទៅដោយយកចិត្តទុកដាក់ ប៉ុន្តែក្រុមបំផ្លាញនៅតែបំផ្លាញដដែល ជាក់ស្ដែងដូចករណីនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប នៅថ្ងៃទី១៦-១៨ ខែតុលា ឆ្នាំ២០១៩នេះ ក្រុមការងាររបស់យើងបានដើរល្បាត រកឃើញថាការកាប់បំផ្លាញឈើប្រណីតនៅតែបន្តកើតមាន ។

សូមរំលឹកថា ឧទ្យាននេះបានបែងចែកជា៣ផ្នែក សម្រាប់ទេសចរទៅទស្សនា គឺមានទេសចរណ៍ធម្មជាតិ ដែលមានសត្វនិងព្រៃឈើ ទេសចរណ៍វប្បធម៌ ដែលនឹងបង្ហាញវត្ថុបុរាណបន្សល់ពីមុនសម័យអង្គរ និង ទេសចរណ៍សិប្បនិម្មិត ។ ពលរដ្ឋនៅជុំវិញតំបន់នេះ អាចអនុញ្ញាតឲ្យអាស្រ័យផល ពីឧទ្យាននេះក្នុងរូបភាព៣ គឺពួកគាត់អាចយក ជ័រ វល្លិ និង អនុផលផ្សិត ។

កន្លងមក ឯកឧត្ដមបានសន្យាចំពោះប្រជាជនកម្ពុជា ចំពោះ រាជរដ្ឋាភិបាលថា ឯកឧត្ដមនឹងធ្វើឲ្យឧទ្យាននេះ ក្លាយជា ឧទ្យានដ៏ល្អហើយសូម អរគុណដល់ រាជរដ្ឋាភិបាល ដែល បានផ្តល់ឱកាសឲ្យរាជបណ្ឌិត្យ បង្កើតច្បាប់ដាច់ដោយ ឡែក ក្នុងការគ្រប់គ្រងឧទ្យាននេះ » ៕