កញ្ញាឯកកម្ពុជារូបស្រស់ម្នាក់ នឹងនាំយកឈុតតំណាងជាតិខ្មែរ និងសមត្ថភាពក្បាច់គុនល្បុក្កតោ ទៅបង្ហាញលើឆាកអន្តរជាតិ

ភ្នំពេញ ៖ កញ្ញាឯកកម្ពុជារូបស្រស់ម្នាក់ ដែលតំណាងកម្ពុជា បានទៅចូលរួមកម្មវិធីប្រកួតប្រជែងសម្រស់ និងសមត្ថភាពចម្រុះជាតិសាសន៍ Miss Cosmo World នៅប្រទេសម៉ាឡេស៊ី នៅក្នុងរដូវកាលឆ្នាំ២០១៩ នេះ គឺជា កញ្ញា ស៊ុយ បូណាវីន បេក្ខនារីវ័យ២៣ ឆ្នាំ មានទាំងរូបសម្រស់ស្រស់ស្អាត និងសមត្ថភាពពិសេស។

បូណាវីន ត្រូវបានក្រុមហ៊ុន New Face Cambodia ពេញចិត្តចំពោះរូបសម្រស់ដ៏ស្រស់ស្អាតបែបធម្មជាតិរបស់នាង ព្រមទាំងភាពជឿជាក់ និងមានសមត្ថភាពពិសេសទៀតផងនោះ ពោលគឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលនាងអាចចូលខ្លួនប្រកួតប្រជែងជាមួយនឹងបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងកម្មវិធី Miss Cosmo World 2019 នេះ។

បូណាវីន បានបង្ហាញពីការត្រៀមខ្លួន និងឆន្ទៈយ៉ាងមុះមុតក្នុងការទៅប្រកួតប្រជែងសម្រស់ និងសមត្ថភាពចម្រុះជាតិសាសន៍ Miss Cosmo World នៅឆ្នាំនេះ ដោយនឹងនាំយកឈុតតំណាងជាតិខ្មែរ ដ៏ប្លែកគួរឱ្យចាប់អារម្មណ៍មួយ បង្កប់ដោយអត្ថន័យពិសេស ច្នៃឡើងដោយ ក្រុមកូនខ្មែរគឺលោក ភី គន្ធ និង លោក គឹម សាម៉ុន គឺជាអ្នកដឹកនាំមកខាងពីតំណក់ពេជ្រ មានឈ្មោះថា ធីតាកម្ពុជាក្រុងចតុមុខមង្គល ទៅបង្ហាញលើឆាកអន្តរជាតិ អមដោយការសម្តែងក្បាច់គុនល្បុក្កតោដ៏អស្ចារ្យរបស់កម្ពុជា ដែលមានលោក ហ៊ឹមចិត្រាជាគ្រូបង្វឹកផងដែរ។

គួរបញ្ជាក់ដែរថា កញ្ញា បូណាវីន បានចាកចេញពីប្រទេសកម្ពុជាទៅប្រកួត Miss Cosmo World នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១៩ ខែតុលា កន្លងទៅថ្មីៗនេះ ដែលការប្រកួតប្រជែងនេះ នឹងប្រព្រឹត្តទៅរយៈពេល ២សប្តាហ៍ ពេញតែម្តង។ ហើយវគ្គផ្តាច់ព្រ័ត្រ នៃរាត្រីគ្រងម្កុដបវរកញ្ញា Miss Cosmo World 2019 នឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែវិច្ឆិកា ខាងមុខនេះ។

កុំភ្លេចចូលរួមបោះឆ្នោតគាំទ្រដល់កញ្ញាឯក តំណាងកម្ពុជា ស៊ុយ បូណាវីន តាមរយៈផេកផ្លូវការរបស់កម្មវិធីប្រកួតប្រជែងសម្រស់ និងសមត្ថភាពចម្រុះជាតិសាសន៍ បវរកញ្ញា Miss Cosmo World នៅក្នុងរដូវកាលឆ្នាំ២០១៩ នេះទាំងអស់គ្នា៕