សម្ដេចតេជោ ៖ ក្រុមហ៊ុនប្រមូលសំរាមនឹងមានយ៉ាងតិច៤ មិនត្រូវទុកឱ្យក្រុមស៊ិនទ្រីគ្រប់គ្រងតែឯងនៅភ្នំពេញទៀតទេ

ភ្នំពេញ ៖ ដើម្បីដោះស្រាយបញ្ហាសំរាមនៅរាជធានីភ្នំពេញ ដែលបច្ចុប្បន្នបង្កឱ្យការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ និងបង្កបាត់បង់សោភ័ណទីក្រុងទៀតនោះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឱ្យមានក្រុមហ៊ុនចំនួន៤ដែលត្រូវគ្រប់គ្រងសំរាមនៅ៤ទីតាំងផ្សេងគ្នា ដោយមិនត្រូវទុកឱ្យ ក្រុមស៊ិនទ្រីគ្រប់គ្រងតែឯងនៅភ្នំពេញទៀតទេ ។ 

សម្ដេចបានមានប្រសាសន៍ថា នៅភ្នំពេញត្រូវមានក្រុមហ៊ុន ប្រមូលសំរាមយ៉ាងតិចចំនួន៤ក្រៅពីស៊ីនទ្រី ។ ក្នុងនោះរដ្ឋ ត្រូវទិញយកក្រុមហ៊ុនស៊ីនទ្រីមកវិញសិន ទាំងបុគ្គលិក ទាំង ឡាន គឺរដ្ឋត្រូវយកមកគ្រប់គ្រង ហើយទូទាត់ឲ្យក្រុមហ៊ុនស៊ិនទ្រី ដោយមិនឲ្យ ស៊ិនទ្រីខាតនោះទេ ។ បន្ទាប់មកយើងត្រូវរៀបជាតំបន់ៗ ហើយដាក់ឲ្យដេញថ្លៃ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្ដេចបាន ចុះហត្ថលេខា ឲ្យបង្កើតកន្លែងចាក់សំរាម៣កន្លែងទៀត តែ មិនទាន់ចេញទេមកដល់ពេលនេះ ។ ត្រូវដាក់ឲ្យដេញថ្លៃ ចែកជា៤តំបន់ ដោយក្រុមហ៊ុនមួយ អនុញ្ញាតឲ្យតែ១កន្លែងទេ មិនអាចស៊ុំគ្រលំគ្នាទៅបង្កើតក្រុមហ៊ុនឧបសម្ព័ន្ធ ទៅដេញថ្លៃយកទាំងអស់ឡើយ ” ។

សូមជម្រាបថា ប្រសាសន៍របស់សម្ដេចបានលើកឡើងបែបនេះ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យបៀលប្រាយនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នេះ ៕