៣ឆ្នាំហើយ ការណែនាំរបស់រដ្ឋមន្រ្តី២រូប ឱ្យបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ហាក់គ្មានប្រសិទ្ធិភាព

ភ្នំពេញ ៖ គិតមកត្រឹមខែតុលា ឆ្នាំ២០១៩នេះ គឺមានរយៈពេល៣ឆ្នាំកន្លងផុតទៅហើយ ចំពោះការអនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដែលចេញដោយ រដ្ឋមន្រ្តីចំនួន២រូប ហាក់បីដូចជាគ្មានប្រសិទ្ធភាព ឬ ហាក់គ្មានអ្នកគោរពតាមឱ្យបានល្អនោះទេ ។ 

រហូតមកទល់ពេលនេះ ល្បែងភ្នាល់ និងល្បែងខុសច្បាប់ ដូចជា ល្បែងបាញ់ត្រី ល្បែងអ៉ិនធើណែត២៤ម៉ោង ឆ្នោតកន្ទុយលេខខុសច្បាប់ ល្បែងជល់មាន់ ល្បែងទឹកភ្លៀង អាជីវកម្មទទួលបញ្ចាំខុសច្បាប់ និងល្បែងស៊ីសងជ្រកក្រោមល្បែងក្មេងលេង គឺនៅមានពាសពេញផ្ទៃប្រទេសនៅឡើយ ជាពិសេសរាជធានីភ្នំពេញ គឺអាចជាប់ចំណាត់ថ្នាក់លេខ១ បើប្រៀបធៀបបណ្ដាខេត្តនានា ។ 

អ្នកប្រកបរបរនេះ បានប្រែក្លាយខ្លួនទៅជា ឧកញ៉ា មហាសេដ្ឋី ដេកលើគំនរមាសពេជ្រ ហើយមន្រ្តីធំមួយចំនួន ដែលទទួលបានសំណូកពីរបរនេះ ក៏សល់លុយ១ខែៗរាប់សិបម៉ឺនដុល្លារ ចាយស្រួល ដេកស្រួល លើគំនរទុក្ខសោករបស់ប្រជាពលដ្ឋខ្លួន ។

សូមរំលឹកថា សេចក្តីណែនាំស្តីពីការអនុវត្តវិធានការ បង្ក្រាប ល្បែងស៊ីសងខុសច្បាប់ ដែលចុះហត្ថលេខា ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែកញ្ញា ឆ្នាំ២០១៦ ។ 

ពេលនោះ ឯកឧត្តម គៀត ច័ន្ទថារិទ្ធ កាលនៅជាអគ្គរងស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា ទីតាំងល្បែងស៊ីសងខ្លះមានខ្នងបង្អែកការពារ អន្តរាគមន៍ដែលធ្វើឲ្យកម្លាំងមូលដ្ឋានមានការញញើត។ ល្បែងស៊ីសងខុសច្បាប់ បានកើតមានរីកដូចផ្សិត នៅតាមបណ្តាខេត្ត ក្រុង មួយចំនួន ដោយមានមន្ត្រីធំៗមួយចំនួននៅពីក្រោយខ្នង ហើយសមត្ថកិច្ចមិនហ៊ានបង្ក្រាប។ ប៉ុន្តែហ៊ាន បង្ក្រាបតែអាតូចៗ ដែលគ្មានខ្នងបង្អែក ។  ( សូមអានខ្លឹមសារលម្អិតសេចក្ដីណែនាំ នៅខាងក្រោម )​​​​​ ៕