ផ្អើលកន្លែងកត់ឆ្នោត ព្រោះក្រុមស៊ីវិលប្រដាប់ដោយអាវុធ និងរថយន្តខ.ម ចុះទៅចាប់ ក្រោយបញ្ចុះបញ្ចូលនិងបង្ខំកត់ឆ្នោតអោយខ្លួនមិនបាន

ភ្នំពេញ ៖ នេះអាចជាករណីដដែលៗ ហើយកើតឡើងស្ទើរគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ ចំពោះសមត្ថកិច្ចខិលខូចមួយក្រុមតូចបានពាក់ស្បែកខ្លះជានគរបាល ខ្លះទៀតជា កងរាជអាវុធហត្ថ ចុះទៅដណ្ដើមទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ ដើម្បីឱ្យពលរដ្ឋអ្នកកត់ ត្រូវកត់មកឱ្យខ្លួន បើមិនចឹងទេ គឺចុះចាប់ភ្លាម ។ 

កន្លងទៅថ្មីៗនេះ គេក៏ធ្លាប់បានឃើញ ជនស៊ីវិលមួយក្រុម មាឌធំឌាំងៗខ្ពស់ៗ មានទាំងអាយឌី ជិះម៉ូតូធំ បានវាយគ្នានៅតាមដងផ្លូវព្រោះភាគីទាំងសង គឺជាគូបដិបក្ខក្នុងជំនួញកាងឆ្នោតខុសច្បាប់ ( គេមានមេរៀងៗខ្លួនៗ គឺមេប្រមូលឆ្នោតដ៏មានឥទ្ធិពល និងខ្នងបង្អែកខុសៗគ្នា ) ។ មេធំៗល្បីឈ្មោះប្រមូលនិងកាងឆ្នោតខុសច្បាប់ ដែលមានលុយស្ដុកស្ដម្ភប្រហែល៦នាក់ ។ ពួកគេបានពង្រីកសកម្មភាព វាយយកទីតាំងបែបនេះ នៅតាមបណ្ដាខេត្តផងដែរ ប៉ុន្តែបើប៉ះចំអភិបាលខេត្តដែលស្អប់ខ្ពើមបញ្ហានេះ គឺពួកក្រុមនេះពិបាកធ្វើសកម្មភាព ។ 

ជាក់ស្ដែងថ្មីៗនេះអ្នកកត់ឆ្នោតម្នាក់បានប្រាប់សារព័ត៌មានមួយថា មានជនស៊ីវិល មានគ្នា៦ទៅ៧នាក់ ដែលគេស្គាល់ថាជាក្រុមអ្នកកាងឆ្នោតវៀតណាម រហ័សនាម«888» បាននាំគ្នាមកនិយាយបញ្ចុះបញ្ចូល លួងលោមឱ្យកត់ឆ្នោតឱ្យក្រុមខ្លួន តែខ្លួនបដិសេធន៍ ។លុះមកដល់ រសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅប្លុកតូបជួល ទល់មុខផ្សារកំបូលពិភពថ្មី ស្ថិតនៅភូមិត្រពាំងគល់ សង្កាត់កន្ទោកខណ្ឌកំបូល ក៏មានជនស៊ីវិលមួយក្រុម ប្រដាប់ដោយកាំភ្លើងខ្លី ជិះរថយន្តសុទ្ធតែទំនើប ពាក់ស្លាកលេខ ខ.ម ចុះមកបំណងចាប់ខ្លួន ។ 

ប្រភពបន្តថា ពេលនោះអ្នកកត់ឆ្នោត បានសុំរកដីកា និងថតរូបក្រុមទាំងនោះ ក៏ត្រូវក្រុមនោះហាមឃាត់ រហូតមានការដកកាំភ្លើងអាមេភ្ជង់ចូលផ្ទះអ្នកកត់ឆ្នោតនោះផងដែរ ។ បន្ទាប់មក ពួកជនស៊ីវិលទាំងនោះបានប្រញ៉ាប់ប្រញ៉ាល់ ចាកចេញទៅបាត់ ។ អ្នកកត់ឆ្នោតបានស្រែកថា « រកស៊ីដូចតែគ្នា ហេតុអីមកធ្វើបាបគ្នា គេមិនកត់ឱ្យជារឿងរបស់គេ » ។ 

ប្រភពបានឱ្យដឹងទៀតថា ក្រុមខាងលើដឹកនាំដោយបុរសជាជនសង្ស័យមាន ឈ្មោះ ម៉ាន់ ដេវិដ ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានតួនាទីក្នុងក្រុមការងារសមាគមសហសង្គ្រោះអាវុធហត្ថ ជិះរថយន្តឡិចស៊ីសសេរីទំនើប ពាក់ស្លាកលេខ ខ.ម 2-8107 និងគ្នីគ្នា៦ទៅ ៧នាក់ មានរថយន្តភិកអាប់ ពណ៌ស ពាក់ស្លាកលេខខ.ម 2-0178 មកសម្លុតចាប់ ។ 

ពាក់ព័ន្ធករណីខាងលើនេះ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានបញ្ជាឲ្យអភិបាលរងម្នាក់ ចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ ប៉ុន្តែក្រុមទាំងនោះ បានចាកចេញទៅបាត់ មុនពេលដែលអាជ្ញាធរចុះទៅដល់ ។ ទោះជាយ៉ាងណា ជុំវិញការចោទប្រកាន់ខាងលើនេះ នៅមិនទាន់មានការបំភ្លឺ ពីលោក ម៉ាន់ ដេវីដ បាននៅឡើយនោះទេ ។ 

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានថ្លែងប្រាប់ឲ្យដឹងថា បន្ទាប់ពីករណីខាងលើនេះ ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាអោយក្រុមអធិការកិច្ច ស្រាវជ្រាវករណីឈ្មោះ ម៉ាន់ ដេវិដ សង្ស័យជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដកកាំភ្លើងភ្ជង់ពលរដ្ឋបែបនេះ ៕