ទីបំផុត លោក ហេង ឡុង សុំទោស អ្នកនាងធី សុវណ្ណថានិងលោក ផែ សុវណ្ណារិទ្ធ រីឯកញ្ញាយ៉ា គេចខ្លួន

ភ្នំពេញ ៖ នៅទីបំផុតលោក ហេង ឡុង បានធ្វើការសុំទោសអ្នកនាងធី សុវណ្ណថានិងលោក ផែសុវណ្ណារិទ្ធ រីឯកញ្ញាយ៉ា បានគេចខ្លួនពីអង្គសន្និសីទកាសែត សួរដេញដោល នាល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្នាក់ការសមាគមន៍សិល្បៈករខ្មែរ ជាមួយនឹងពិធីសម្បថ ថារឿងនេះមិនមែនជារឿងប្រឌិត ដើម្បីចង់បានភាពល្បីនោះទេ ។ 

ក្នុងអង្គសន្និសីទ រយៈពេលប្រហែល២ម៉ោង លោក ហេង ឡុង និងមេធាវីរបស់លោក ហេងឡុង និងអ្នកនាងធី សុវណ្ណថា និងលោកផែ សុវណ្ណារិទ្ធ បានលើកឡើងពីអំណះអំណាង និងការជជែកវែកញែករៀងៗខ្លួន ដោយគ្មានវត្តមាន កញ្ញា យ៉ា ដោយគ្មាននរណាម្នាក់ដឹងថា កញ្ញា យ៉ា នៅទីណានោះទេ សូម្បីលោក ហេង ឡុង ក៏មិនដឹងដែរ ។ 

ក្រោយការជជែកវែកញែករួច លោក ហេង ឡុង បានធ្វើការសុំទោស ទៅកាន់អ្នកនាង ធី សុវណ្ណថា និងលោក ផែ សុវណ្ណារិទ្ធ និងសុំមិនទទួលខុសត្រូវផ្នែកច្បាប់នោះឡើយ គឺទុកឱ្យភាគីទាំងសងខាង ដោះស្រាយផ្លូវច្បាប់ចុះ ។ អ្នកនាង ធី សុវណ្ណថា បានប្រកាន់ជំហរថា ករណីនេះត្រូវតែឆ្លងកាត់ផ្នែកច្បាប់ និងទុកផ្លូវឱ្យច្បាប់ចាត់ការ ទោះដំណើរការផ្លូវច្បាប់ លោកកាត់សេចក្ដីឆាប់ឬយូរយ៉ាងណា គឺសម្រេចលើអ្នកច្បាប់ ។ អ្នកនាង ក៏បានប្រកាសផ្ដល់ប្រាក់រង្វាន់ ចំនួន១ម៉ឺនដុល្លារ ដល់ជនណាដែលរកឃើញកញ្ញា យ៉ានេះ ។ 

សូមរំលឹកថា សំឡេងកញ្ញា យ៉ា ដែលឆ្លើយឆ្លងតាម ទូរស័ព្ទជាមួយលោក ហេង ឡុង បានរៀបរាប់ពីការឈឺចាប់ ចំពោះទង្វើ លោកផែ សុវណ្ណារិទ្ធ ដែលជាសង្សារបស់នាង៩ឆ្នាំ បែរទៅរៀបអាពាហ៍ជាមួយអ្នកផ្សេងទៅវិញ ។ សារសំឡេងនោះ ត្រូវបានលោកហេង ឡុង បង្ហោះនៅលើ ហ្វេសបុកផ្ទាល់ខ្លួន នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ដែលជាថ្ងៃចូលរោងជ័យ របស់អ្នកនាង ធី សុវណ្ណថានិងលោក ផែ សុវណ្ណារិទ្ធ ។ ក្រោយពីប្រតិកម្មរបស់ អ្នកនាង ធី សុវណ្ណថា បន្ទាប់មក លោក ហេង ឡុង ក៏បញ្ចេញខ្លីបសម្ភាសន៍ជាមួយ កញ្ញា យ៉ា ដោយផ្ទាល់ រួចផុសចូលហ្វេសបុកទៀត នៅថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០១៩ ។

មុនសន្និសីទសារព័ត៌មាននេះ អ្នកនាងធី សុវណ្ណថា បានបង្ហោះលើហ្វេសបុកថា « ពិធីសេរីមង្គល​របស់យេីងខ្ញុំ​ បែរជាលោក​ ហេង​ ឡុង​ ផ្សាយរឿងមិនល្អអពមង្គល​ ធ្វេីឲ្យពិធីរៀបការយេីងខ្ញុំ ច្របូលច្របល់​ មេបា​ ញាតិមិត្ត​ ភ្ញៀវប្រុសស្រី​  ខ្សឹបខ្សៀវសួរដេញដោលតវ៉ាគ្នា​ ។ ពេលខ្ញុំ​ ដឹងរឿងភ្លាម​ ខ្ញុំស្ទេីរគាំង ខ្ញុំខំទប់អារម្មណ៍​ ដេីម្បីដំណេីរការកម្មវិធីដល់ចប់​ បបូរមាត់ខ្ញុំខំញញឹម​ តែទទឹកភ្នែក​ហូរស្រក់ចុះមក​ យប់ថ្ងៃ៣១តុលា​ ខ្ញុំគេងយំទល់ភ្លឺ​ » ៕