ចេញពីធ្វើការ ជិះម៉ូតូត្រឡប់ទៅផ្ទះ អកុសល ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់

ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូចេញពីធ្វើការ គោលបំណងត្រឡប់ទៅផ្ទះ នៅសង្កាត់ឃ្មួញ តែជាអកុសល ចេញពីរោងចក្របានបន្តិច បានជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ដោយសារ ជនរងគ្រោះបានប៉ះជាមួយម៉ូតូមួយគ្រឿងទៀត ដែលបញ្ច្រាស់ទិសគ្នា បណ្តាលជនរងគ្រោះដួល ចូលកង់ក្រោយខាងឆ្វេង រថយន្តប៊ែនដឹកដី បើកមកស្របគ្នាជាមួយម៉ូតូជនរងគ្រោះ កង់កិនចំក្បាលធ្លាយចេញខួរស្លាប់យ៉ាងអណោចអធម៌ ចំណែកអ្នកបើកបររថយន្តរត់គេចបាត់ស្រមោល។

ឧបត្តិវហេតុនេះ កើតឡើងនៅវេលាម៉ោង ១៨និង២០នាទី ថ្ងៃទី ០៦ វិច្ឆិកា ២០១៩ លើកំណាត់ផ្លូវជាតិ៤ មុខក្លោងទ្វារបុរីសែនមនោរម្យខាងកើត ស្ថិតក្នុងភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ រឹម សាវុធ ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ជនរងគ្រោះជិះម៉ូតូម៉ូតូម៉ាក ហុងដារឌ្រីមសង់សេ១២៥ ស៊េរី២០១៩ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HT-9170។

តាមប្រភពពីកន្លែងកើតហេតុបានឲដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកខាងលើតាម បណ្តោយផ្លូវជាតិ៤ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុច កើតហេតុ ជនរងគ្រោះបានជិះទៅប៉ះ ជាមួយម៉ូតូមួយគ្រឿងទៀតដែលជិះ បញ្ច្រាស់ទិសគ្នា បណ្តាលជនរងគ្រោះដួល ស្របពេលនោះ ក៏ចូលរថយន្តប៊ែនដឹកដីកង់៦ម៉ាក KIA ពណ៍ពាក់ស្លាកលេខភ្នំពេញ3C-5139 បើកបរដោយបុរសម្នាក់ មកដល់កិនចំកង់ក្រោយខាងឆ្វេង បើកមកស្របគ្នាជាមួយម៉ូតូជនរងគ្រោះ កង់កិនចំក្បាលធ្លាយចេញខួរស្លាប់យ៉ាងអណោចអធម៌ ចំណែកអ្នកបើកបររថយន្តរត់គេចបាត់ស្រមោល។បើតាមប្រភពពីសាច់ញាតិជនរងគ្រោះបាន អោយដឹងថាជនរងគ្រោះទើបនឹង ចេញពីធ្វើការ រោងចក្រ នៅម្តុំកំបូលក្នុងគោលបំណងទៅផ្ទះនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ស្រាប់តែគេខលប្រាប់ថាជនរងគ្រោះបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុគេឃើញមានសាច់ញាតិមកដល់ចំណុចកើតហេតុ និងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅសម្រួលចរាចរណ៍ រួមទាំងជំនាញចរាចរណ៍ខណ្ឌ សហការជាមួយចរាចរណ៍ក្រុង មកវាស់វែង រៀបចំឯកសារប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅ ភូមិបន្លាស្អិត ចំណែកម៉ូតូនិងរថយន្តបង្ករ ត្រូវបាននាំយកទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការនគរបាលរាជធានីភ្នំពេញ រងចាំមានការដោះស្រាយនៅពេលក្រោយ ៕៩៦