ដោះលែង លោក ថោង សារ៉ាត់និងបក្ខ៣នាក់ទៀត ណ្តោះអាសន្ន

ភ្នំពេញ ៖ យោងតាមសេចក្ដីប្រកាសរបស់អ្នកនាំពាក្យសាលាឧទ្ធរណ៍ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបង្ហាញថាសាលាឧទ្ធរណ៍បានសម្រេចដោះលែង លោក ថោង សារ៉ាត់ និងបក្ខពួកចំនួន៣នាក់ទៀត ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នលើកលែងតែឈ្មោះ សៀង វាសនា ដែលជាជនដៃដល់បន្តស្ថិតនៅក្នុងឃុំ ។ 

សេចក្ដីប្រកាសបានបន្តថា ក្រោយពីបានពិនិត្យសំណុំរឿង និងលទ្ធផលនៃការសួរតទល់នាពេលសវនាការ និងភស្តុតាង ក្រុមប្រឹក្សាជំនុំជម្រះយល់ថា មានភាពចាំបាច់ត្រូវធ្វើការអង្កេតបន្ថែម ដើម្បីជាប្រយោជន៍យុត្តិធម៌នៃសំណុំរឿង និងបានសម្រេចចាត់របៀបស៊ើបអង្កេត ហើយក្នុងអំឡុងពេលនៃកិច្ចស៊ើបអង្កេតនេះ មេធាវីការពារក្តីរបស់ជនជាប់ចោទ០៤រូប បានដាក់ពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្ន និងមានការបញ្ជាក់ពីមូលហេតុជាអំណះអំណាង។

សូមជម្រាបថា លោក ថោង សារ៉ាត់ និងអង្គរក្ស៤នាក់  នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមផ្តន្ទាទោសដាក់ ពន្ធនាគារអស់មួយជីវិត ករណីបាញ់សម្លាប់លោកឧកញ៉ា អ៉ឹង ម៉េងជឺ ។

លោកឧកញ៉ា អ៉ឹង ម៉េងជឺ ត្រូវឃាតកម្នាក់បាញ់សម្លាប់កណ្ដាលរាជធានីភ្នំពេញ កាលវេលាម៉ោង៧និង១៨នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០១៤ ពេលលោកឧកញ៉ាចុះពីរថយន្ត ឡិចស៊ីស៥៧០ មុខហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ក្រោយមក ក៏មានការចាប់ខ្លួនជនខាងលើ ជាបន្តបន្ទាប់តែម្ដង ៕