រថយន្តបុករឺម៉កដើរទិញអេតចាយ បណ្ដាលបាត់បង់ជីវិតម្នាក់

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត ខណៈជិះរឺម៉កដើរទិញអេតចាយ ត្រូវរថយន្តបុកពេញទំហឹង កាលពីវេលាម៉ោង ២ និង៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ  ទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ ត្រង់ចំណុចខាងត្បូងប្រមាណ២០ម៉ែត្រ ជិតស្ពានកំពង់ទួល ហៅ(ស្ពាន៧មករា) ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

ជនរងគ្រោះមានឈ្មោះ វ៉ុល ថា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរទិញអេតចាយ រស់នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចំណែកអ្នកបើករថយន្តបង្កមានឈ្មោះ វឿន ពៀក  ភេទប្រុស អាយុ២០ឆ្នាំ រស់នៅស្រុកក្រគរ ខេត្តពោធិសាត់ បើកបររថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ១តោនកន្លះ ពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ3C-9402 ។ 

យោងតាមសាក្សីបានឲ្យដឹងថា ដំបូងឡើយគាត់ឃើញ ជនរងគ្រោះបើករឺម៉ក តាមបណ្ដោយផ្លូវជាតិលេខ ៣ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តបង្ក បើកយ៉ាងលឿន ទិសដៅពីត្បូងមកជើងបញ្ច្រាស់ទិសគ្នា បានរ៉េចង្កូតមកបុុករឺម៉កពេញទំហឹង បណ្ដាលឲ្យគាត់រងរបួសត្រូវដើមទ្រូងធ្ងន់ធ្ងរ ដោយរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ។

ប្រភពបន្តថា កម្មអកុសលដល់ពាក់កណ្ដាលផ្លូវ ជនរងគ្រោះបានផុតដង្ហើម ក៏បានដឹកសពមកដល់កន្លែងកើតហេតុនេះវិញ ចំណែកតៃកុងរថយន្តបង្ក ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ឃាត់បាន ប្រគល់ឲ្យជំនាញ។ ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែង យករថយន្តនិងរឺម៉កទៅរក្សាទុក រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ចំណែកសព ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ធ្នូជ័យ